ធី សុវណ្ណថា ចូលបំភ្លឺពាក់ព័ន្ឋបទបរិហារកេរ្តិ៍ តាមហ្វេសប៊ុក
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ កក្កដា ២០១៦ នេះ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម និងអតីតជាសកម្មជនគណបក្សសង្គ្រោះជាតិ បានចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងនាមជាដើមបណ្ដឹងបទបរិហារកេរ្ត៍ និងជេរប្រមាថតាមសង្គមហ្វេសប៊ុក ។
តាមដីកាកោះហៅដាច់ដោយឡែក ពីគ្នាចំនួន២ច្បាប់ បង្ហាញថា លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កោះអញ្ជើញកញ្ញា ធី សុវណ្ណថា ឲ្យចូលបំភ្លឺនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៦ កក្កដា ដែលប្តឹងឈ្មោះ ម៉ោញ សារ៉ាត់ ភេទប្រុស ពីបទបរិហារកេរ្តិ៍ ។
ដោយឡែក លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានកោះអញ្ជើញកញ្ញា ធី សុវណ្ណថា ឲ្យចូលបំភ្លឺនៅវេលាម៉ោង៩ និង៣០ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលប្តឹងឈ្មោះ អួន វ៉ាន់សាក់ ពីបទបរិហារកេរ្តិ៍ និងជេរប្រមាថដូចគ្នា ៕