សម្តេចតេជោ ចេញអនុក្រឹត្យបង្កើតតំបន់ការពារធម្មជាតិចំនួន ១៨ ទំហំ ២.៦៧៤.៥០៣ ហិកតា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១១ ឧសភា ២០១៦ ) ៖ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុក្រឹត្យស្តីពីការបង្កើតតំបន់ការពារធម្មជាតិចំនួន ១៨ ដែលមានផ្ទៃដីសរុបចំនួន ២.៦៧៤.៥០៣ ហិកតាឱ្យស្ថិតក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន។
តំបន់ ព្រៃការពារ និងអភិរក្សព្រៃឈើចំនួន១៣ កន្លែង និងព្រៃផ្តល់ផលចំនួន ៥ កន្លែង ក្នុងនោះក៏មានព្រៃឡង់ផងដែរ ដែលត្រូវដាក់ជាតំបន់ការពារធម្មជាតិនេះ ទើបតែត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ទេរពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមកឱ្យក្រសួងបរិស្ថានធ្វើការគ្រប់គ្រង និងអភិរក្ស។
ជារួម ក្រសួងបរិស្ថាន មានតំបន់ការពារធម្មជាតិសរុបចំនួន ៤១ ដែលមានផ្ទៃដីសរុបចំនួន ៥.៨៧៤.៥០៣ ហិកតា រួមបញ្ចូលទាំងតំបន់ការពារធម្មជាតិដែលក្រសួងបរិស្ថានមានស្រាប់ តាំងពីឆ្នាំ១៩៩៣ មក ចំនួន២៣ ដែលមានផ្ទៃដីចំនួន ៣,២ លានហិកតា៕