សម្ដេច តេជោ អំពាវនាវឲ្យចូលរួមអភិរក្សសត្វស្លាបកម្រនៅកម្ពុជា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ ឧសភា ២០១៦) ៖ គ្រាដែលប្រទេសកម្ពុជា កំពុងតែប្រឈមនឹងបញ្ហាគ្រោះរាំងស្ងួត ហើយជាមួយគ្នានេះសត្វស្លាបកម្រមួយចំនួនក៏ត្រូវបានបាត់បង់ជា បន្ដបន្ទាប់ផងទៅនោះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមការពារសត្វកម្រនៅ កម្ពុជា។
សារ មួយដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ សម្ដេចនៅថ្ងៃនេះ បានសរសេរថា “ចូលរួមថែរក្សា អភិរក្សសត្វស្លាបដ៏កម្រនៅកម្ពុជា គ្រោះរាំងស្ងួតអាចប៉ះពាល់ដល់ជីវិតមនុស្ស សត្វពាហនៈ និងសត្វស្លាបមួយចំនួនធំផងដែរ។ ទោះបីក្នុងស្ថានភាពបែបណាក៏ដោយសូមបងប្អូនប្រជាពលរដ្ឋចូលរួម ថែរក្សាការពារប្រភេទពូជសត្វស្លាបដ៏កម្រទាំងនេះ”។
អមជាមួយសារនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហោះរូបសត្វស្លាបជាច្រើនប្រភេទ ដែលមកទល់នឹងបច្ចុប្បន្ននេះហាក់មានការថមថយទៅជាបណ្ដើរទៅហើយ ដោយសារតែកត្តាធម្មជាតិ និងមនុស្ស។
ប៉ុន្តែទោះជា យ៉ាងនេះក្ដី សម្ដេចក៏បានសង្កត់ធ្ងន់ថា “សូមកុំប្រមាញ់ ឬដាក់ថ្នាំបំពុលយកសត្វស្លាបទាំងនេះមកទទួលទានធ្វើអាជីវកម្ម។ សត្វស្លាបដ៏កម្រទាំងនេះមិនត្រឹមតែសម្បត្តិធនធានធម្មជាតិ ដ៏មានតម្លៃសម្រាប់ប្រទេសយើងប៉ុណ្ណោះទេប៉ុន្តែវានឹងទាក់ទាញ ទេសចរណ៍បរទេសមកទស្សនាកម្ពុជាទៀតផង ដូចជានៅ បឹងពារាំង សង្កាត់ជ្រាវ ក្រុងសៀមរាបជាដើម”៕