កម្ពុជានឹងធ្វើម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកនៅឆ្នាំក្រោយនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ មេសា ២០១៦) ៖ វេទិកាសេដ្ឋកិច្ចពិភពលោក ស្ដីពីអាស៊ាន គឺជាវេទិកាថ្នាក់តំបន់ដ៏សំខាន់ដែលមានរយៈពេលពីរថ្ងៃ និងមានការចូលរួមពីថ្នាក់ដឹកនាំនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ចនានា ដោយមានកិច្ចពិភាក្សាសំខាន់ៗលើប្រធានបទសេដ្ឋកិច្ច និងនយោបាយនាពេលបច្ចុប្បន្ន ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំនៅរាជធានីភ្នំពេញ នាឆ្នាំក្រោយនេះ ។
កាលពី ពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានប្រកាសថា ខ្លួននឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកនេះ បន្ទាប់ពីកិច្ចជំនួបមួយរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកបណ្ឌិត Philipp Rösler អគ្គនាយកវេទិកាសេដ្ឋកិច្ចពិភពលោក ។
សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា ៖ « តាមរយៈជំនួបនេះ នឹងផ្តល់ប្រយោជន៍យ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា ក្នុងការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០១៧ ខាងមុខ ជាពិសេស តាមរយៈវេទិកានេះ ក៏បង្ហាញឲ្យឃើញថា កម្ពុជាកំពុងមានសេដ្ឋកិច្ចរីកលូតលាស់ជាបន្តបន្ទាប់ » ។
កិច្ចប្រជុំ កំពូលនេះ គ្រោងនឹងរៀបចំនៅ ពាក់កណ្ដាលខែឧសភា ឆ្នាំ២០១៧ ប៉ុន្តែពេលវេលា និងទីកន្លែងនៅមិនទាន់បាន បង្ហាញឲ្យជាក់ច្បាស់នៅឡើយទេ ។ ជាធម្មតា ព្រឹត្តិការណ៍បែបនេះបានទាក់ទាញប្រតិភូឲ្យចូលរួមប្រមាណជា៧០០នាក់ ក្នុងនោះមួយចំនួនធំ គឺធ្វើដំណើរមកជាមួយនឹងស្វាមី ឬភរិយា ៕