កម្មករ-កម្មការិនីនឹងអាចប្រើសេវាថែទាំសុខភាព២៤ម៉ោង ចាប់ពីដើមខែឧសភាតទៅ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ មីនា ២០១៦) ៖ កម្មករ-កម្មការិនីនឹងអាចប្រើសេវាផ្នែកថែទាំសុខភាព ២៤ម៉ោងលើ២៤ម៉ោង ចាប់ពីថ្ងៃទី០១ ខែឧសភាតទៅ ហើយដើម្បីទទួលបានសេវានេះ កម្មករ-កម្មការិនី គ្រាន់តែចំណាយថវិកា២៥០រៀលក្នុងមួយថ្ងៃស្មើនឹង ៧៥០០រៀលក្នុងមួយខែ សម្រាប់បង់ចូលជាវិភាគទានបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) ។
ចំពោះ ការអនុវត្តរបបថែទាំសុខភាពនេះដែរ សហជីពយល់ថា ជាជោគជ័យមួយសម្រាប់កម្មករនិយោជិត ហើយក៏ជាជោគជ័យសម្រាប់សហជីពទាំងអស់ផងដែរ ព្រោះកន្លងមកពួកគេធ្លាប់ជំរុញរដ្ឋាភិបាល និងក្រសួងការងារឲ្យអនុវត្តលើផែនការនេះ។
ប.ស.សបានឲ្យដឹងថា កម្មករ-កម្មការិនីជាង១០ម៉ឺននាក់ ដែលកំពុងបម្រើការក្នុងរោងចក្រ សហគ្រាសចំនួន៦៦ នឹងអាចប្រើសេវាថែទាំសុខភាពរបស់ប.ស.ស នៃក្រសួងការងារ នៅដើមខែឧសភា។ ហើយតាមគម្រោង ប.ស.សនឹងជំរុញឲ្យបានចំនួន៣៦ម៉ឺននាក់ ក្នុងឆ្នាំ២០១៦នេះ។ បច្ចុប្បន្ននេះ រោងចក្រ សហគ្រាសដែលបានចុះបញ្ជីការ មានជាង៧០០០ និងមានកម្មករជាង ១លាននាក់៕