ក្រសួងសុខាភិបាលណែនាំមិនឲ្យប្រើប្រាស់ថ្នាំផ្សះដោយគ្មានវេជ្ជបញ្ជា
សារប័ត៌មាន Cambodia News/
ភ្នំពេញ (១២ នករា ២០១៦) ៖ យោងតាមសេចក្តីប្រកាសរួមរវាងក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក ស្តីពីការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនៃភាពស៊ាំនឹងឱសថប្រឆាំង មេរោគ បានណែនាំឲ្យប្រជាពលរដ្ឋ សូមកុំទិញថ្នាំផ្សះដោយគ្មានវេជ្ជបញ្ជា អ្នកដែលមានជំងឺគ្រុនក្តៅឬផ្តាសាយ កុំប្រើថ្នាំផ្សះ សូមកុំប្រើថ្នាំផ្សះតាមវេជ្ជបញ្ជាពីមុន។ ក្រសួងក៏បានបញ្ជាក់ដែរថា មានតែគ្រូពេទ្យជំនាញប៉ុណ្ណោះដែលអាចចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំ ផ្សះបាន។
ថ្នាំផ្សះមិនមានប្រសិទ្ធភាពយូរទៀតទេក្នុងការព្យាបាលជំងឺឆ្លងធម្មតា ទាំងនេះនឹងកំរឹតប្រសិទ្ធភាពរបស់យើងក្នុងការព្យាបាលជំងឺឆ្លង និងបណ្តាលឲ្យស្លាប់រាប់សែននាក់នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ ដោយសារជំងឺដែលងាយស្រួលព្យាបាលកាលពីមុន។ ស្ថានភាពនេះកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ទោះជាមានការផលិតថ្នាំផ្សះថ្មីៗមួយចំនួន ដើម្បីជំនួសថ្នាំផ្សះចាស់ដែលលែងមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា ឋិតក្នុងចំណោមប្រទេសមួយចំនួនតូចប៉ុណ្ណោះ នៅក្នុងតំបន់ដែលបានបង្កើតគោលនយោបាយនិងផែនការសកម្មភាពជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពស៊ាំនិងថ្នាំផ្សះរួចរាល់ហើយ។ ប្រទេសកម្ពុជាកំពុងឈានមុខគេ និងបង្ហាញបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ អំពីរបៀបដែលអាចធ្វើទៅបាន ដើម្បីប្រយុទ្ធប្រឆាំងនឹងការស៊ាំនឹងថ្នាំផ្សះ ជាមួយធនធានដែលកម្រិត។
យោងតាមរបាយការណ៍ទូទាំងពិភពលោកជាលើកដំបូង អំពីភាពស៊ាំទៅនឹងថ្នាំផ្សះ ដែលចេញោផ្សាយដោយអង្គការសុខភាពពិភពលោកនៅក្នុងឆ្នាំ២០១៤បានបង្ហាញ ថា ភាពស៊ាំទៅនឹងថ្នាំផ្សះបានឈានដល់កម្រិតប្រកាសអាសន្ននៅទូទាំង ពិភពលោក។ បើយោយតាមផែនការសកម្មភាពរបស់ពិភពលោក រដ្ឋាភិបាលទាំងអស់ត្រូវតែអភិវឌ្ឍផែនការសកម្មភាពជាតិរបស់ខ្លួន ផ្ទាល់ឲ្យបាននៅឆ្នាំ២០១៧ ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពស៊ាំនឹងថ្នាំប្រឆាំងមេរោគដោយផ្តោតលើ ភាពស៊ាំនឹងថ្នាំផ្សះ៕