​មន្ទីរកិច្ចការនារីរៀប​​ចំកិច្ចពិភាក្សាស្តីពី​​ការលើកកម្ពស់​​សមភាពយេនឌ័រ

ដោយ៖ ហេង នាង

ភ្នំពេញ៖ កាលពីថ្ងៃទី២៤ កក្កដា ២០១២ មន្ទីរកិច្ចការនារីរាជធានីភ្នំពេញបានរៀបចំកិច្ចពិភាក្សាស្តីពី ការលើកកម្ពស់សមភាពយេនឌ័រវគ្គទី១ ត្រូវបានធ្វើឡើងនៅខណ្ឌដូនពេញដោយមានការអញ្ជើញ ចូលរួមពីសំណាក់ស្ត្រីជាចៅសង្កាត់ និងជាសមាជិកក្រុមប្រឹក្សាសង្កាត់នានានៃខណ្ឌដូនពេញ ចំនួន ប្រមាណ៧០នាក់។

សមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញទទួលបន្ទុកប្រធានគណៈកម្មការពិគ្រោះយោបល់ស្ត្រី និងកុមារ ខណ្ឌដូនពេញ លោកស្រី ឯក យ៉ានី បានថ្លែងនៅក្នុងពិធីនោះថា ស្ត្រីពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមាន កំណើននៅក្នុងជួរថ្នាក់ដឹកនាំជាស្ត្រីនៅតាមបណ្តាភូមិ-សង្កាត់នៃខណ្ឌដូនពេញដូច្នេះការពង្រឹង សមភាពយេនឌ័រ និងសមត្ថភាពរបស់ស្ត្រីត្រូវពង្រឹងទាក់ទងបញ្ហាយេនឌ័រ និងច្បាប់នានាដែលចូល ជាធរមាន។

លោកស្រីបានបន្តថា ស្ត្រីយើងទាំងអស់ត្រូវតែពង្រឹងសមត្ថភាពជាការចាំបាច់ដើម្បីឆ្លើយតបទៅនឹង អ្វីដែលជាសំណូមពររបស់រាជរដ្ឋាភិបាលដែលបានលើកកម្ពស់ស្ត្រីឲ្យបានចំនួន ៣៥ ភាគរយឲ្យមាននៅក្នុងអាណត្តិបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះ។

មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានរៀបចំកិច្ចពិភាក្សាស្តីពី ការលើកកម្ពស់សមភាពយេនឌ័រ ៤វគ្គ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ គឺ ១. ពិភាក្សាស្តីពីការលើកកម្ពស់សមភាព យេនឌ័រវគ្គទី១ ត្រូវបានធ្វើឡើងនៅខណ្ឌដូនពេញ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា។ ២. កិច្ចពិភាក្សាស្តីពីការលើកកម្ពស់សមភាពយេនឌ័រវគ្គទី២ ត្រូវបានធ្វើនៅសាលាខណ្ឌ៧មករា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា។

៣. កិច្ចពិភាក្សាស្តីពីការលើកកម្ពស់សមភាពយេនឌ័រវគ្គទី៣ នឹងត្រូវធ្វើនៅខណ្ឌខណ្ឌទួលគោក នាព្រឹកថ្ងៃទី២៦ ខែកក្កដា និង៤. កិច្ចពិភាក្សាស្តីពីការលើកកម្ពស់សមភាពយេនឌ័រវគ្គទី៤ នឹងត្រូវធ្វើ នៅខណ្ឌចំការមន នាព្រឹកថ្ងៃទី២៧ ខែកក្កដា។ នៅក្នុងកិច្ចពិភាក្សានោះមានអ្នកចូលរួមសរុបចំនួន ២៨៥នាក់ ដែលសុទ្ធតែជាស្ត្រីថ្នាក់ដឹកនាំមូលដ្ឋាន៕

Related Articles

Back to top button
Close
Close