យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​រថយន្ត​កាម​រីហាយ​ប្រ៊ីត​ពេញ​ទំហឹង​កៀប​ជាប់​គ្នា​

ភ្នំពេញ ៖ កាលពីវេលាម៉ោង ២២ និង ៣០ នាទីយប់ថ្ងៃទី ២៩ វិច្ឆិកា ២០១២ នៅតាមបណ្ដោយផ្លូវលេខ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន យុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីកក្នុងល្បឿនលឿន ជ្រុលបុករថយន្តកាមរីហាយប្រ៊ីត ពេញទំហឹងក្នុងខណៈរថយន្តកំពុងបើក ចេញពីក្លោងទ្វារវត្តសន្សំកុសល បណ្ដាលឲ្យម៉ូតូនិងរថយន្តកៀបជាប់គ្នារងការខូចខាត ប៉ុន្តែគ្មានអ្នករងរបួសធ្ងន់ធ្ងរឡើយ ។

សាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនពីរនាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ក្រហម ស៊េរី ២០១២ ពាក់ស្លាកលេខភ្នំពេញ 1AZ 7479 ជិះក្នុងល្បឿនយ៉ាងលឿនតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចមុខក្លោងទ្វារវត្តសន្សំកុសល ម៉ូតូមិនបន្ថយល្បឿន ក៏ជ្រុលទៅបុកចំក្បាលរថយន្តកាមរីហាយប្រ៊ឹត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U 6663 ដែលកំពុងបើកបរចេញពីក្លោងទ្វារវត្តសន្សំកុសល ពេញទំហឹងតែម្ដង។

ក្រោយពីកើតហេតុម្ចាស់រថយន្តកាមរីហាយប្រ៊ឹតមិនបានទាមទារសំណង់ពី ភាគីរងគ្រោះម៉ូតូ ប៉ុន្តែគ្រាន់តែឲ្យភាគីម៉ូតូ សុំទោស ប៉ុន្តែពួកគេមិនបានសុំទោសភាគីខាងរថយន្តទេ ថែមទាំងទារទាមសំណងឲ្យម្ចាស់រថយន្តសង់ថ្លៃខូចខាតម៉ូតូរបស់គេទៀត ។

ពេលនោះម្ចាស់រថយន្តបានផ្ទុះកំហឹងយ៉ាងខ្លាំង ប៉ុន្តែត្រូវសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ផ្សារដើមថ្កូវចុះមក អន្តរាគមន៍សម្របសម្រួលទាន់ពេលវេលា។ ចុងក្រោយភាគីម៉ូតូបានសុំទោសម្ចាស់រថយន្ត ដើម្បីយកម៉ូតូរបស់ខ្លួន ទៅជូសជុល។  ក្រោយពីភាគីម៉ូតូសុំទោសរួចម្ចាស់រថយន្ត បានបើករថយន្តចេញពីកន្លែងកើតហេតុភ្លាមៗតែម្ដង ៕

ដោយ៖ ហេង នាង

រថយន្ត និងម៉ូតូគៀបជាប់គ្នារងការខូចខាត ប៉ុន្តែគ្មានអ្នករងរបួសធ្ងន់ធ្ងរឡើយ
(រូប dap)

Related Articles

Back to top button
Close
Close