ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនឹងធ្វើការផាក់ពិន័យចំពោះអ្នកមិនបានពាក់មួកសុវត្ថិភាពទ្វេដង
សារព័ត៌មាន Cambodia News/
អត្ថបទ និងរូបភាព ហេង នាង/
ព្រះស៊ីហនុ (២៨ ធ្នូ ២០១៥) ៖ ក្រុមនគរបាលចរាចរណ៍ខេត្តព្រះស៊ីហនុ បានចុះស្ទាក់ឃាត់ និងណែនាំ ដល់អ្នកបើកបរជិះម៉ូតូដែលមិនពាក់មួកសុវត្ថិភាព និងអ្នកជិះជាមួយមិនបានពាក់មួកសុវត្ថិភាព នៅតាមដងផ្លូវមួយកន្លែង ស្ថិតក្នុងខេត្តព្រះស៊ីហនុ ដើម្បីឲ្យពួកគេបានយល់ដឹង ពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ។
ការចុះស្ទាក់ឃាត់ និងណែនាំនេះធ្វើឡើង ខណៈច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ខាងមុខនេះ ដែលមានការផាក់ពិន័យទ្វេដងគឺ មួយគននឹងប្រាំ ស្មើរនឹង ១៥០០០៛ ចំពោះអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ហើយចំពោះអ្នកជិះពីក្រោយដែលមិនពាក់មួកសុវត្ថិភាព ក៏ត្រូវបានផាក់ពិន័យ ១៥០០០៛ ដែរ ដូច្នេះការផាក់ពិន័យទាំងអ្នកបើក និងអ្នកជិះពីក្រោយសរុបគឺ ៣០០០០៛ ។
នៅនៅចិញ្ចើមផ្លូវកន្លែងធ្វើ ការចុះស្ទាក់ឃាត់ និងណែនាំក៏មានខ្សែអាត់សំឡេង ឬស្ប៉តសំឡេងត្រូវបានចាក់ផ្សាយតាមឧបករណ៍បំពងសំឡេង (មេក្រូ) ដាក់លើរថយន្តតូចមួយគ្រឿង ដែលជាការផ្សព្វផ្សាយសារអប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរមិនថា ឆ្ងាយ ឫ ជិត។
គួរបញ្ជាក់ថា នៅថ្ងៃទី១ មករា ឆ្នាំ២០១៦ នេះ អាជ្ញាធរនឹងរឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងម៉ឺងម៉ាត់។ នៅក្នុងកថាខណ្ឌ៨ ក្នុងមាត្រា៨ នៃច្បាប់ចរាចរណ៍ផ្លូវគោកចែងថា “ទោចក្រយានយន្តអាចផ្ទុកមនុស្សពីរនាក់ និងអាចបន្ថែមបានកុមារមួយនាក់។
អ្នកបើកបរទោចក្រយានយន្ត និងអ្នករួមដំណើរ ព្រមទាំងកុមារដែលមានអាយុចាប់ពី៣ (បី) ឆ្នាំឡើងទៅ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ អ្នកបើកបរត្រីចក្រយានយន្ត និងអ្នកបើកបរទោចចក្រយានយន្តសណ្តោងរឺម៉ក ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ៕