ផ្លូវជាតិលេខ ៤ ខេត្តព្រះសីហនុ អាចនឹងប្រឈម ទឹកជំនន់
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកចេញផ្សាយ នៅថ្ងៃទី ០១ ខែសីហា បានឲ្យដឹងថា សម្ពាធទាបមួយកំពុងបន្ត មានឥទ្ធិពល លើតំបន់អាងទន្លេមេគង្គ អាចបង្កឲ្យមានទឹកជំនន់ទឹកភ្លៀង នៅតំបន់មួយចំនួន ពិសេសនៅផ្លូវជាតិលេខ ៤ ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
យោងតាមការព្យាករណ៍ បានបង្ហាញថា សម្ពាធទាបមួយ ដែលបានកើតឡើងនៅលើប្រទេសឡាវ និង ប្រទេសវៀតណាមកណ្តាល កំពុងបន្តមាន ឥទ្ធិពលលើតំបន់អាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា ដោយ គួបផ្សំជាមួយនឹងខ្យល់មូសុងនិរតីខ្លាំង និង បង្កឲ្យអាកាសធាតុនៅ ព្រះរាជាណាចក្រកម្ពុជា(ចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៤មានស្ថានភាពដូចជា៖
តំបន់ខ្ពង់រាប រូមមានខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ កំពង់ចាម និង ខេត្តត្បូងឃ្មុំ និងបន្តមានភ្លៀងធ្លាក់ច្រើន។ ចំណែកឯនៅតំបន់ទំនាបកណ្តាលវិញ រួមមានខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រៃវែង និងខេត្ត ស្វាយរៀង នឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។
ដោយឡែកចំពោះខេត្តកំពង់ស្ពឺ និង ខេត្តតាកែវ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យម។ សំរាប់នៅ តំបន់មាត់សមុទ្រវិញ រួមមានខេត្តកោះកុង ព្រះសីហនុ កែប និងខេត្តកំពត នឹងមានភ្លៀងបន្តធ្លាក់ច្រើនជោគជាំ រួមជាមួយខ្យល់បក់បោកខ្លាំង។ ផ្ទៃសមុទ្រអាចនឹងមានខ្យល់ខ្លាំង បង្កើតជារលកក្នុងកំពស់ទឹក ០១ ម៉ែត្រ ទៅ ២,៥ ម៉ែត្រ។
ការបន្តធ្លាក់ភ្លៀងនៅតាមបណ្តាលខេត្ត ដូចបានជម្រាបជូនខាងលើ អាចបង្កឲ្យមានទឹកជំនន់នៅតំបន់មួយចំនួន ពិសេសនៅតំបន់ទំនាប នៅក្នុង ខេត្តតំបន់ដែលនៅជាប់នឹងផ្លូវទឹក និង កំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
ក្រសួងធនធានទឹក សូមអំពាវនាវឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណៈជនជ្រាបជាព័ត៌មាន ពិសេសចំពោះបងប្អូនប្រជានេសាទ និងអ្នកធ្វើដមណើរតាមសមុទ្រ សូមបង្កើនការយកចិត្តទុកដាក់ខ្ពស់ ជៀងវាងគ្រោះថ្នាក់ផ្សេងៗ៕