ក្រោយហេតុការណ៍ភេរវកម្មនៅប៉ារីស ប៉ូលិសបារាំងបានចុះឆែកឆេរទីតាំងសង្ស័យ១៥០កន្លែង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៧ វិចិកា ២០១៥) ៖ តាមការបញ្ជាក់ពីនាយករដ្ឋមន្ដ្រីបារាំងManuel Vallsនៅថ្ងៃទី១៦វិច្ឆិកា ម្សិលមិញបានឲ្យដឹងថា ចាប់តាំងពីមានហេតុការណ៍វាយប្រហារភេរវកម្មក្នុងក្រុងប៉ារីសប្រទេសបារាំងសម្លាប់មនុស្សជាង១០០នាក់ ប៉ូលិសបារាំងបានធ្វើយុទ្ធនាការចុះឆែកឆេរទីតាំងសង្ស័យ១៥០កន្លែងហើយ។
ប្រភពពីប៉ូលិសបារាំងបានឲ្យដឹងទៀតថា ការចុះឆែកឆេរក៏បានធ្វើផងដែរនៅក្នុងទីក្រុងមួយចំនួនទៀតរបស់បារាំង ក្នុងនោះមានទីក្រុងBobigny និងនៅតំបន់ជាយក្រុងភាគខាងកើត។
ការចុះឆែកឆេរ១៣លើកត្រូវបានធ្វើឡើងនៅជុំវិញភាគអាគ្នេយ៍ទីក្រុងLyonប្រទេសបារាំង បានឈានទៅដល់ការចាប់ខ្លួនមនុស្ស៥នាក់ និងរឹបអូសបានឃ្លាំងអាវុធ ឧបករណ៍បាញ់គ្រាប់រ៉ុកក្កែតមួយ កាំភ្លើង អាវក្រោះ និងឧបករណ៍ផ្សេងៗទៀត។
សូមបញ្ជាក់ថា ការចុះឆែកឆេរនេះគឺប៉ូលិសមានសិទ្ធិ ស្ថិតក្រោមការប្រកាសដាក់ប្រទេសជារដ្ឋប្រកាសអាសន្ន ក្រោយមានការវាយប្រហារ៧កន្លែងផ្សេងគ្នាក្នុងក្រុងប៉ារីសប្រទេសបារាំង សម្លាប់មនុស្ស១២៩នាក់ និងជាង៣៥០នាក់រងរបួស៕