អូស្ត្រាលី-ចិននឹងធ្វើសមយុទ្ធរួមគ្នានៅសមុទ្រចិនខាងត្បូងចំពេលមានភាពតានតឹង
សារព័ត៌មាន Cambodia News/
អូស្ត្រាលី (២៩ តុលា ២០១៥) ៖ ប្រព័ន្ធផ្សព្វផ្សាយរបស់អូស្ត្រាលីបញ្ជាក់ថា នាវាចម្បាំងអូស្ត្រាលី២គ្រឿងនឹងធ្វើសមយុទ្ធជាមួយកងទ័ពជើងទឹកចិន ដែលប្រព្រឹត្តទៅនៅសប្ដាហ៍ក្រោយ ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង។ នេះបើតាមរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ដ្រាលីនៅថ្ងៃទី២៩តុលា ការធ្វើសមយុទ្ធកងទ័ពជើងទឹកនេះ ធ្វើឡើងចំពេលសហរដ្ឋអាមេរិកនិងទីក្រុងប៉េកាំងបញ្ចេញសាច់ដុំដាក់គ្នា នៅសមុទ្រចិនខាងត្បូង។
លោកស្រីMarise Payneបានបញ្ជាក់ថា នាវាប្រភេទThe HMAS Stuartនិងប្រភេទHMAS Arunta នឹងធ្វើដំណើរទៅមូលដ្ឋានសមុទ្រចិនខាងត្បូងZhanjiang ដែលស្ថិតនៅភាគឦសានខេត្តGuangdong ប្រទេសចិន។ តែលោកស្រីបានបញ្ជាក់ថា ការធ្វើសមយុទ្ធជាមួយចិន មិនបង្ហាញថាខ្លួនផ្គើនជាមួយអាមេរិកនោះទេ ផ្ទុយទៅវិញ នេះជាការធ្វើសមយុទ្ធប្រចាំឆ្នាំតែប៉ុណ្ណោះ ដើម្បីបង្កើនទំនាក់ទំនងជាមួយទីក្រុងប៉េកាំង។
លើសពីនេះទៅទៀត លោកស្រីMarise Payneបាននិយាយថា រដ្ឋាភិបាលអូស្ត្រាលីចង់បានឱ្យប្រទេសដែលជម្លោះជាមួយគ្នា ត្រូវតែគោរពច្បាប់អន្តរជាតិក្នុងការថែរក្សាសន្តិសុខ និងស្ថេរភាព ជៀសវាងដោះស្រាយដោយប្រើកម្លាំងយោធា៕