មិន​ត្រឹមជាវិស័យកម្សាន្ត ភាពយន្ត​ចិន​បានក្លាយជាឧស្សាហកម្មយុទ្ធសាស្ត្រដែលធ្វើសមាហរណកម្មរវាងវប្បធម៌ បច្ចេកវិទ្យា និងសេដ្ឋកិច្ច

Cambodia News

នៅ​វិស្សមកាល​រដូវក្តៅ​ឆ្នាំ២០២៦ ទីផ្សារភាពយន្តរបស់ប្រទេសចិនបានបង្ហាញសន្ទុះកំណើនគួរឱ្យកត់សម្គាល់សាជាថ្មី ដោយប្រមូលចំណូលលើសពី ១០០ លានយ័នក្នុងមួយថ្ងៃ រយៈពេល ១៣ ថ្ងៃជាប់ៗគ្នា ជាមួយនឹងការរំពឹងទុកថា ចំណូលសរុបក្នុងរដូវក្តៅលើសពី ៥,៥ ប៊ីលានយ័ន (ប្រមាណ ៨១២ លានដុល្លារ)។

ខ្សែរភាពយន្តសរុបជាង ១២០ រឿង នឹងត្រូវចាក់បញ្ចាំងក្នុងរោងភាពយន្តនៅទូទាំងប្រទេសចិនក្នុងរដូវក្តៅឆ្នាំ២០២៦ ដែលរួមមានប្រភេទប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រ គំនូរជីវចល កំប្លែង និងរឿងប្រឌិតបែបវិទ្យាសាស្ត្រ។ ការណ៍នេះបង្ហាញឱ្យឃើញថា ទីផ្សារភាពយន្តចិនបានស្ទុះងើបឡើងវិញយ៉ាងលឿន និងដើរតួនាទីជាកម្លាំងចលករថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។

សន្ទុះកំណើននេះមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែជាលទ្ធផលនៃការវិនិយោគជាបន្តបន្ទាប់លើគុណភាពមាតិកា នវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការផលិតភាពយន្ត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិតករចិនបានផ្លាស់ប្តូរពីការប្រកួតប្រជែងលើបរិមាណ ទៅកាន់ការប្រកួតប្រជែងលើគុណភាព ដោយផ្តោតលើសាច់រឿងដែលមានអត្តសញ្ញាណវប្បធម៌ នវានុវត្តន៍ និងអាចឆក់យកបេះដូងទស្សនិកជន។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យឧស្សាហកម្មភាពយន្តចិនកាន់តែមានសមត្ថភាពប្រកួតប្រជែង និងមានភាពធន់ក្នុងរយៈពេលវែង។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ គឺការផ្លាស់ប្តូរតួនាទីយុទ្ធសាស្ត្រនៃវិស័យភាពយន្តក្នុងគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចចិន។ ភាពយន្តលែងត្រូវគេមើលឃើញត្រឹមជាវិស័យកម្សាន្តសុទ្ធសាធទៀតហើយ ប៉ុន្តែបានក្លាយជាឧស្សាហកម្មយុទ្ធសាស្ត្រដែលធ្វើសមាហរណកម្មរវាងវប្បធម៌ បច្ចេកវិទ្យា និងសេដ្ឋកិច្ច។ ក្រោមផែនការប្រាំឆ្នាំលើកទី១៥ (២០២៦–២០៣០) វិស័យភាព​យន្ត​នេះត្រូវបានចាត់ទុកជាកត្តាជំរុញដ៏សំខាន់នៃ “កម្លាំងផលិតកម្ម​គុណភាពថ្មី (New Quality Productive Forces)” ដើម្បីជំរុញកំណើនផ្អែកលើការប្រើប្រាស់ក្នុងស្រុក។

ប្រជាប្រិយភាពនៃភាពយន្តចិនបានពង្រីកលើសពីទីក្រុងធំៗ ពោលគឺបានទៅដល់ទីក្រុង​តូច​ៗ និងតំបន់ជនបទផងដែរ។ ជាមួយនឹងការពង្រីកបណ្តាញរោងភាពយន្ត និងការកើន​ឡើងនៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ភាពយន្តចិនបានក្លាយជាជម្រើសកម្សាន្តដ៏ពេញ​និយមសម្រាប់ប្រជាជនគ្រប់វ័យ។ កំណើននៃការប្រើប្រាស់នេះ ក៏បានជំរុញវិស័យសេវាកម្ម​ ទេសចរណ៍ ភោជនីយដ្ឋាន សណ្ឋាគារ​ ការដឹកជញ្ជូន និងអាជីវកម្មពាក់ព័ន្ធជាច្រើនទៀត ដែលរួមចំណែកពង្រឹងសេដ្ឋកិច្ចក្នុងស្រុកផងដែរ។​

ក្រៅពីការជំរុញការប្រើប្រាស់ក្នុងស្រុក ភាពរស់រវើកនៃទីផ្សារភាពយន្តចិនក៏បានរួមចំណែកដល់កំណើនសេដ្ឋកិច្ចសកល ក្នុងបរិបទដែលពិភពលោកប្រឈមនឹងភាពមិនប្រាកដប្រជា និងនិន្នាការគាំពារនិយមផងដែរ។ សម្រាប់ចិនដែលជាទីផ្សារធំបំផុតមួយលើពិភពលោក កំណើននេះបានបង្កើតកាលានុវត្តន៍ថ្មីៗសម្រាប់ស្ទូឌីយោអន្តរជាតិ ក្រុមហ៊ុនបច្ចេកវិទ្យារូបភាពឌីជីថល និងវិស័យសេវាកម្មសកល។ វាបានចាក់បញ្ចូលនូវកម្លាំងជំរុញថ្មីសម្រាប់កិច្ចសហប្រតិបត្តិការផលិត និងការវិនិយោគឆ្លងដែន ដែលរួមចំណែកដល់ការជំរុញការផ្ទេរបច្ចេកវិទ្យា និងការចែករំលែកចំណេះដឹង ព្រមទាំងបង្កើតតម្លៃបន្ថែមថ្មីក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ភាពយន្តសកលផងដែរ។”

សរុបមកវិញ ការស្ទុះងើបឡើងវិញនៃឧស្សាហកម្មភាពយន្តចិននៅឆ្នាំ២០២៦ មិនមែនគ្រាន់តែជាភាពជោគជ័យផ្នែកអាជីវកម្ម ឬវប្បធម៌នោះទេ ប៉ុន្តែបានដើរតួនាទីជាកម្លាំងចលករថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ផងដែរ។ តាមរយៈការធ្វើសមាហរណកម្មរវាងបច្ចេកវិទ្យា នវានុវត្តន៍ និងការបើកចំហកិច្ចសហប្រតិបត្តិការអន្តរជាតិ ទីផ្សារភាពយន្តចិននឹងបន្តសន្ទុះអភិវឌ្ឍន៍របស់ខ្លួន ដែលនឹងរួមចំណែកដល់ការពង្រឹងសេដ្ឋកិច្ចក្នុងស្រុក ព្រមទាំងនាំមកនូវស្ថិរភាព ភាពធន់ និងភាពរឹងមាំដល់សេដ្ឋកិច្ចតំបន់ និងពិភពលោក៕

ដោយលោក ហ៊ូ ចំរើន

អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close