កម្មវិធី “ASEAN MEDIA FAMILIARIZATION TRIP TO THAILAND” មានការគាំទ្រពីអ្នកសារព័ត៌មាន
សារព័ត៌មាន Cambodia News/
បាងកក (ថ្ងៃទី២៤ សីហា ឆ្នាំ២០១៥)៖ កម្មវិធី “ASEAN MEDIA FAMILIARIZATION TRIP TO THAILAND” ដែលត្រូវបានរៀបចំឡើងដោយក្រសួងការបរទេសប្រទេសថៃ ត្រូវបានបញ្ចប់ដោយភាពជោគជ័យ។ អ្នកចូលរួម មានការពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការបរទេសប្រទេសថៃ ក្នុងការបង្កើតកម្មវិធីនេះឡើង ដែលធ្វើឲ្យពួកគេមានឪកាសបង្កើតមិត្តភាពរវាងអ្នកសារព័ត៌មានក្នុងប្រទេសអាស៊ាន នឹងទទួលបានចំណេះដឹងបន្ថែមទាក់ទងពីសហគមន៏សេដ្ឋកិច្ចអាស៊ាន និងវប្បធម៌របស់ប្រទេសអាស៊ាននីមួយៗ ជាពិសេសវប្បធម៌របស់ប្រទេសថៃ។
អ្នកចូលរួមពីប្រទេសឥណ្ឌូនេស៊ី លោក Fransiskus Surdiasis ដែលជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវព័ត៌មានរបស់ The Jakarta Post Daily បានមានប្រសាសន៏ថា “ខ្ញុំពិតជាមានការកោតសរសើរដល់រដ្ឋាភិបាលប្រទេសថៃសម្រាប់ការរៀបចំកម្មវិធីនេះ។ ខ្ញុំគិតថាកម្មវិធីនេះមានសារៈប្រយោជន៏ខ្លាំងណាស់ដើម្បីបង្កើតបណ្តាញសង្គមរវាងអ្នកធ្វើការក្នុងវិស័យសារព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មាននៅប្រទេសអាស៊ាន។ កម្មវិធីនេះក៏មានសារៈសំខាន់ផងដែរក្នុងការលើកទឹកចិត្តដល់អ្នកសារព័ត៌មានឲ្យធ្វើការផ្សព្វផ្សាយពីសហគមន៏សេដ្ឋកិច្ចអាស៊ាន។ កម្មវិធីនេះបានពង្រីកបណ្តាញសង្គម និងបង្កើនចំណេះដឹងពីសហគមន៏សេដ្ឋកិច្ចអាស៊ានដល់អ្នកសារព័ត៌មាន និងធ្វើឲ្យពួកគេដឹងពីតួនាទីរបស់ខ្លួនក្នុងការរាយការណ៏ពីអាស៊ាន។”
ដូចគ្នាដែរ កញ្ញា Soh Li Nah អ្នកសារព័ត៌មានរបស់ Bernama ប្រទេសម៉ាឡេស៊ី បានបង្ហាញចំណាប់អារម្មណ៏ពីកម្មវិធីនេះថា “ខ្ញុំគិតថាកម្មវិធីនេះពិតជាល្អណាស់។ អ្នកចូលរួមទាំងអស់មានឪកាសរៀនពីគ្នាទៅវិញទៅមក ជាពិសេសធ្វើឲ្យអ្នកចូលរួមដឹងបន្ថែមទៀតពីប្រទេសថៃ។ ខ្ញុំបានរៀនពីវប្បធម៍នៃប្រទេសអាស៊ាននីមួយៗ ឧទាហរណ៏ដូចជា ពាក្យថាចំប៉ា មានន័យថាផ្កាម្យ៉ាង។”
កម្មវិធីរយៈពេល ៨ថ្ងៃដែលចាប់ផ្តើមពីថ្ងៃទី ១៦ ដល់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ រួមមានសិក្ខាសាលាស្តីពីតួនាទីរបស់ប្រព័ន្ឋផ្សព្វផ្សាយក្នុងការកសាងសហគមន៏អាស៊ាន សិក្ខាសាលាពីការកើតឡើងនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន និងផលប៉ះពាល់លើភូមិសាស្រ្តនយោបាយរបស់ប្រទេសអាស៊ី ទស្សនៈកិច្ចសិក្សាទៅកាន់ ទូរទស្សន៏ថៃភីបីអ៊េស (Thai PBS) និងកាសែតបាងកកប៉ុស្តិ៏ និងដំណើរកំសាន្តទៅកាន់ខេត្តភូកេតដែលជាតំបន់ទេសចរណ៏ដ៏ល្បីនៅប្រទេសថៃ។
នេះជាលើកទីមួយហើយដែលក្រសួងការបរទេសប្រទេសថៃបានរៀបចំកម្មវិធី “ASEAN MEDIA FAMILIARIZATION TRIP TO THAILAND” ដែលមានអ្នកចូលរួមពីប្រទេសអាស៊ានទាំងប្រាំបួនរួមមាន កម្ពុជា ឡាវ វៀតណាម មីយ៉ានម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ហ្វីលីពីន និងព្រុយណេ ក្នុងគោលបំណង បង្កើនការយល់ដឹងដល់អ្នកសារព័ត៌មានឲ្យកាន់តែខ្លាំងពីសហគមន៏អាស៊ាន និងបង្កើតបណ្តាយសារព័ត៌មានរវាងសមាជិកអាស៊ាន សម្រាប់ផ្លាស់ប្តូរព័ត៌មានគ្នាក្នុងការរាយការណ៏ព័ត៌មានទាក់ទងនឹង នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌របស់សហគមន៏អាស៊ាន៕ ដោយ៖ អាត់ ឈុនមូយ