អតីតអ្នកតំណាងរាស្ត្រថៃម្នាក់ត្រូវបានផ្ដន្ទាទោស ពីបទប្រមាថរាជវង្ស
សារព័ត៌មាន Cambodia News/
ថៃ (០៥ ធ្នូរ ២០១៤) ៖អតីតអ្នកតំណាងរាស្ត្រម្នាក់មកពីគណបក្សភឿថៃ របស់អតីតនាយករដ្ឋមន្ត្រីយីងឡាក់ ត្រូវបានផ្ដន្ទាទោសរយៈពេល២ឆ្នាំ៦ខែពីបទប្រមាថរាជវង្ស ដែលជាសំណុំរឿងថ្មីមួយទៀត បន្ទាប់ពីពួកយោធាដណ្ដើមអំណាចនៅខែឧសភា ។
ជនជាប់ចោទរូបនេះអាយុ៤៩ឆ្នាំ មានឈ្នោះ Prasit Chaisrisa ដែលអតីតអ្នកតំណាងរាស្ត្រមកពីគណបក្សភឿថៃ ។ លោក Prasit Chaisrisa បានសារភាពថា លោកពិតជានិយាយ ប្រមាថរាជវង្សពីតមែន គឺនៅពេលលោកចូលរួមបាតុកម្មរបស់ក្រុមអាវក្រហម នៅមុនព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃ២២ឧសភា ។
មន្ត្រីម្នាក់របស់តុលាការដំបូងក្រុងបាងកក បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាដំបូងចៅក្រមផ្ដន្ទាទោស៥ឆ្នាំ ប៉ុន្តែលោក Prasit Chaisrisa បានសារភាពទទួលកំហុស ទើបបន្ថយមកត្រឹម២ឆ្នាំ៦ខែ ។
តាមច្បាប់ប្រទេសថៃមាត្រា១១២ ចែងពីការដាក់ពន្ធនាគារ១៥ឆ្នាំ ទៅលើជនណាដែលចោទប្រកាន់នៅក្រោមបទប្រមាថរាជវង្សថៃ ។
តាមរបាយការណ៍របស់អង្គការសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស គឺមនុស្ស១៨នាក់ហើយ ត្រូវបានផ្តន្ទាទោសក្រោមបទប្រមាថរាជវង្សថៃចាប់តាំងពីពួកយោធា ឡើងកាន់អំណាចនៅខែឧសភា ៕