សុគន្ធ និសា សម្តែងចរឹកប្រុស និងតួខ្មោច
នាង/សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ សីហា ២០១៤) ៖ ថ្មីៗនេះ តារាចម្រៀង មនោសញ្ចេតនា របស់ផលិតកម្ម ថោន កញ្ញា សុគន្ធ និសា ត្រូវគេបង្ហើបប្រាប់ថា កំពុងសម្ងំ ថតកម្រងបទចម្រៀងថ្មី ដែលមានលក្ខណៈជាខ្សែរឿងកុនដែរ ព្រោះគ្រប់ឈុតតាំងពីដើមដល់ចុង មានភាពប្រទាក់ក្រឡាគ្នាជាភាពយន្ត ដោយ កញ្ញា សម្ដែងជាតួអង្គខ្មោច និងជានារីក្រម៉ិចក្រម៉ើមចរឹកប្រុស ដែលនាងមិនធ្លាប់សម្តែងពីមុនមកទាល់តែសោះ។
ផ្តល់បទសម្ភាសន៍តាមទូរស័ព្ទ លោក មាស សុខរន្តរៈ អ្នកចាប់ការទូទៅនៅផលិតកម្ម ថោន លើកឡើងថា សាច់រឿងនៃចម្រៀងនេះ នៅមិនទាន់អាចបញ្ជាក់ថា ខ្សែរឿងនោះ មានចំណងជើងយ៉ាងម៉េចនៅឡើយទេ ដោយគ្រាន់តែដឹងថា នៅក្នុងរឿងនេះ មានបទចម្រៀងចំនួន១០បទ ដោយបទនីមួយៗ មានភាពកំប្លុកកំប្លែង និងមានលក្ខណៈកំសត់មនោសញ្ចេតនា តាមរបត់នៃខ្សែរឿង។
លោក មាស សុខរន្តរៈ បន្តថា នៅក្នុងខ្សែរឿងនេះ សុគន្ធ និសា ត្រូវគេឲ្យសម្ដែងជាតួអង្គកូនស្រីអ្នកមាននៅស្រុកស្រែ មានចរឹកក្រម៉ិចក្រម៉ើម តែជានារីចរឹកប្រុស ដែលនេះជាលើកទី១ហើយ ដែលនាងបានសម្ដែងជាតួអង្គបែបនេះ ខណៈដែលកន្លងមកនាងធ្លាប់សម្ដែងជាអង្គតួក្រម៉ិចក្រម៉ើមខ្លះៗដែរ ប៉ុន្តែមិនមានលក្ខណៈជាខ្សែរឿង ដែលមានឈុតឆាកលំបាកៗបែបនេះនោះទេ។
លោក មាស សុខរន្តរៈ បានបញ្ជាក់ថា ចម្រៀងខ្សែរឿងនេះ ចាប់ផ្តើមថតពីដើម ខែសីហា នៅតំបន់ឆ្ងាយមួយក្នុងខេត្តកំពង់ស្ពឺ ហើយខ្សែរឿងប្រភេទបទចម្រៀងនេះ នឹងចេញលក់នៅអំឡុងបុណ្យភ្ជុំបិណ្យខាងមុខនេះ ដោយមានការរំពឹងថា ពិតជាមានការចាប់អារម្មណ៍ខ្ពស់ ព្រោះសូម្បីតែការស្លៀកពាក់ កាយវិការ និងស្ទីលរបស់តួអង្គ ក៏មានភាពកំប្លែងគួរឲ្យចង់ទស្សនាផងដែរ៕