ខឹងប្រពន្ធមិនចូលផ្ទះ ចាប់កូនស្រីបោកនឹងជញ្ជាំងថ្ម
សារព័ត៌មាន Cambodia News/
សៀមរាប (២៣ ឧសភា ២០១៤) ៖ ប្តីប្រពន្ធ២នាក់មានជម្លោះគ្នា ហើយស្ត្រីជាប្រពន្ធបានអូសដៃកូនស្រីដើរចេញពីផ្ទះ ភ្លាមនោះបុរសជាប្តីក៏ដើរមកតាមក្រោយ ទាញដៃកូនពីប្រពន្ធយកទៅបោកនឹងជញ្ជាំងថ្មមួយទំហឹង បណ្តាលឱ្យកូនស្រីនោះយំគាំងតែម្តង។
ហេតុការណ៍នេះបានបង្កឱ្យភ្ញាក់ផ្អើលពី វេលាម៉ោង៩ និង៤៥នាទីយប់ថ្ងៃទី២២ ឧសភា ២០១៤ ស្ថិតនៅចំណុចផ្លូវឌឿងហែម ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
ប្រភពបានឱ្យដឹងថា បុរសជាប្តីឈ្មោះសុខ សុភាព អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះនី នូរ៉ា អាយុ៣២ឆ្នាំ មានទីលំនៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ចំណែកឯកូនស្រីរងគ្រោះអាយុទើបតែ២ឆ្នាំប៉ុណ្ណោះ ត្រូវបានសមត្ថកិច្ចមកអន្តរាគមន៍ និងនាំយកអ្នកទាំង៣ទៅប៉ុស្តិ៍ស្លក្រាម ដើម្បីធ្វើការសាកសួរ ។។
ប្រភពបានបន្តថា បន្ទាប់ពីធ្វើការសាកសួររួច ស្ត្រីជាប្រពន្ធក៏ប្រាប់សមត្ថកិច្ចថា គាត់មិនដាក់ពាក្យបណ្តឹងទេ គាត់សុំឱ្យសមត្ថកិច្ចនាំគាត់ទៅផ្ទះ ដើម្បីរៀបចំខោអាវទៅរស់នៅឱ្យឆ្ងាយពីប្តីរបស់គាត់ ។