ទូច ស្រីលក្ខណ៍ ត្រៀមទៅឆ្លងទន្លេនៅស្រុកកំណើតប្តី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៧ មិនា ២០១៤) ៖ បន្ទាប់ពីរៀបការជាមួយស្វាមី ជនជាតិហូឡង់ តាំងពីឆ្នាំ២០១១មក ពេលនេះអ្នកនាងទូច ស្រីលក្ខណ៍ ពពោះកូនដំបូងដូចបំណងហើយ។ នាងបានប្រកាសជាចំហថា កូនក្នុងផ្ទៃរបស់នាងជាង៥ខែហើយ និងមានគម្រោងចេញទៅសម្រាលកូននៅប្រទេសកំណើតរបស់ប្តី ។តារាដែលត្រៀមខ្លួនធ្វើជាម្តាយគេរូបនេះនិយាយថា នាងឱ្យគ្រូពេទ្យពិនិត្យសុខភាពជាប្រចាំតាមការកោះអញ្ជើញ ដើម្បីតាមដានសុខភាពទាំងម្តាយ និងកូន ។ នាង និងកូនមានសុខភាពល្អប្រសើរទាំងអស់គ្នាទេ ហើយគ្រូពេទ្យប្រាប់ថា អាចបន្តសម្តែងបាន ។
ការសម្តែងប្រៀបដូចការហាត់ប្រាណ ព្រោះអ្នកពពោះគេមិនឱ្យនៅស្ងៀមពេកទេ គឺឱ្យធ្វើនេះ ធ្វើនោះដើម្បីសម្រាលកូនបានស្រួល ។ ម៉្លោះហើយស្រីលក្ខណ៍ សប្បាយចិត្តដែលអាចនៅបន្តពេលវេលាសម្តែងបានយូរទៀតជូនអ្នកដែលស្រឡាញ់ចូលចិត្តនាងទស្សនាកម្សាន្ត ។
ទោះជានាងពពោះក្តី តែស្រីលក្ខណ៍ អះអាងថា អ្នកគាំទ្រនៅតែចង់ឃើញនាងសម្តែង ដែលនេះហើយជាការផ្តល់កម្លាំងចិត្តឱ្យនាងចូលរួមបម្រើវិស័យសិល្បៈ ។ ទូច ស្រីលក្ខណ៍ មានផែនការដកថយពីទីលានសិល្បៈ មុនពេលនាងសម្រាលកូនមួយខែ ។ នាងត្រៀមខ្លួនឆ្លងទន្លេកូនប្រុសទីមួយ នៅពាក់កណ្តាលខែកក្កដា ។
បើតាមគម្រោងនាងនឹងជិះយន្តហោះទៅប្រទេសហូឡង់ជាមួយស្វាមី មុនឆ្លងទន្លេមួយខែ ដើម្បីសម្រាលកូននៅទីនោះតាមការស្នើសុំពីសាច់ញាតិខាងប្តី ដែលកំពុងតែនៅរង់ចាំឃើញនាង និងស្វាមីនៅ ទីនោះ ។ ពេលនាងទៅឆ្លងទន្លេនៅផ្ទះខាងប្តីនោះ បងប្អូនរបស់នាងមួយចំនួននឹងទៅតាមមើលថែនាងដែរ ៕