អ្នកភូមិបឹងកក់មួយចំនួនដើរដាក់ញត្តិ មួយចំនួនទៀតតវ៉ានៅមុខសាលារាជធានី
ភ្នំពេញ(០៦ មីនា ២០១៤)៖ នៅព្រឹកថ្ងៃទី០៦ មីនា អ្នកភូមបឹងកក់ មួយចំនួន បាននាំគ្នា ដើរដាក់ញត្តិនៅតាមស្ថានទូត មួយចំនួន ក្នុងរាជធានីភ្នំពេញ ដូចជា ស្ថានទូត អាមេរិក ស្ថានទូត ជប៉ុន អូស្ត្រាលី បារាំង អាល្លឺម៉ង់ និងធនាគារពិភពលោក សហភាពអឺរ៉ុប និងឧត្តមស្នងការសហប្រជាជាតិជាដើម។
គោលបំណង នៃការដាក់ញត្តិនេះ គឺដើម្បី អញ្ចើញ តំណាងស្ថានទូត និងស្ថាប័ន ទាំងនោះ ចូលរួម នៅក្នុងវេទិការអបអរសាទរ ទិវាសិទ្ធិនារី នៅថ្ងៃទី០៨មីនា។ ក្រៅពីនោះ ការជួបជុំនៅ ថ្ងៃទី៨មីនាខាងមុខនេះ ក៏មានការអញ្ចើញចូលរួមពី ភាគីសាលារាជធានីភ្នំពេញ អ្នកបឹងកក់ ក៏បានដាក់លិខិតទៅក្រសួងកិច្ចការនារី គណបក្សនយោបាយ និងសង្គមស៊ីវិលផងដែរ ដើម្បីអញ្ជើញមន្ត្រីតំណាងទៅចូលរួម។
ចំណែកអ្នកភូមបឹងកក់ មួយចំនួនទៀត កំពុងតែ ឈរស្រែកទាមទារ នៅមុខសាលារាជធានីភ្នំពេញ ដើម្បី ទាមទារ ឲ្យ ស្ថាប័ននេះ ជួយអន្តរាគមន៏ ពួកគាត់ ពីបញ្ហា ជំលោះដីធ្លី នាពេលកន្លងមក។
យ៉ាងណាក៏ដោយ មកដល់ពេលនេះ នៅមិនទាន់មានដំណោះស្រាយនៅឡើយទេ ហើយអ្នកភូមិទាំងនោះ កំពុងតែ រង់ចាំលទ្ធផលពីតំណាងរបស់ពួកគេ ដែលកំពុងតែជួបពិភាក្សា ជាមួយ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បន្ទាប់ពី ពួកគេ ត្រូវបានអនុញ្ញាតឲ្យចូលជួបនៅព្រឹកថ្ងៃដដែលនោះ៕