ក្រសួងវប្បធម៌ ព្រមានចាត់វិធានការទៅលើស្ថានីយទូរទស្សន៍ដែលចាក់បញ្ចាំងខ្សែភាពយន្តថៃ
សារព័ត៌មាន Cambodia News/
ភ្នំពេញ(៤ កុម្ភៈ ២០១៤) ៖ មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមានចាត់វិធានការផ្លូវច្បាប់ ទៅលើស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកណា ដែលចាក់បញ្ចាំងខ្សែភាព យន្តភាគថៃ ខណៈដែលក្រសួងនៅមិនទាន់មានការអនុញ្ញាតណាមួយ ឲ្យចាក់បញ្ចាំងខ្សែភាពយន្តនេះឡើងវិញ។
-
កាល ពីថ្ងៃទី០៣ ខែកុម្ភៈ លោក ថៃ នរសត្យា រដ្ឋលេខាធិការប្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ ថា «ក្រសួងមិនបានចេញសេចក្តីណែនាំ ឬអនុញ្ញាតឲ្យស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក ចាក់បញ្ចាំងខ្សែភាពយន្ដថៃនោះទេ។ លោក បន្តថា បើស្ថានីយ៍ទូរទស្សន៍ ណាមានការចាក់បញ្ចាំងខ្សែភាពយន្ដថៃ គឺជារឿងខុសទៅនឹងបទបញ្ញាតិរបស់ក្រសួង ហើយក្រសួងនឹងចាត់វិធានការផ្លូវច្បាប់ទៅលើស្ថានីយ៍ទូទស្សន៍នោះ។
គ្រប់ខ្សែភាពយន្តថៃ នៅគ្រប់ស្ថានីយ ទូរទស្សន៍ខ្មែរទូទាំងប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការចាក់បញ្ចាំង កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០០៣។ តែទោះជាយ៉ាង ណា នៅអំឡុងចុងឆ្នាំ២០១៣ កន្លងទៅនេះ គេសង្កេតឃើញស្ថានីយ៍ទូរទស្សន៍ប៉ុសិ៍្តលេខ៥ បានចាប់ផ្តើមចាក់បញ្ចាំងខ្សែភាពយន្ដថៃឡើងវិញ បន្ទាប់ពីបានផ្អាកចាក់បញ្ចាំងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ជាច្រើនឆ្នាំកន្លងមក។
ភាពយន្តថៃ ដែលធ្លាប់ចាក់បញ្ចាំងនូវគ្រប់ស្ថានីយទូរទស្សន៍ក្នុងប្រទេស កម្ពុជា កាលពីអំឡុងទស្សវត្សឆ្នាំ៩០នោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសឲ្យឈប់ចាក់បញ្ចាំងភ្លាមៗ បន្ទាប់ពីប្រជាពលរដ្ឋកម្ពុជា បានផ្ទុះហិង្សាដុតស្ថានទូតថៃប្រចាំនៅកម្ពុជា ដោយសារ តារាសម្តែងថៃដ៏មានប្រជាប្រិយភាពម្នាក់ ឈ្មោះ កុបស៊ុបវ៉ា គុនឃុនយីង ហៅផ្កាយព្រឹក និយាយថា ប្រាសាទអង្គរវត្ត ជាកម្មសិទ្ធិរបស់ថៃ៕