បេប៊ី ធ្វើឲ្យបុរសពីរនាក់ខកចិត្ត
សារព័ត៌មាន Cambodia News /
ភ្នំពេញ(១៥ មករា ២០១៤) ៖ ពាក់ព័ន្ធនឹងបញ្ហានេះ បេប៊ី បានទទួលស្គាល់ថា នាងពិតជាមានបុរសៗចោមរោមស្រលាញ់មែន ក្នុងនោះក៏មានមនុស្សពីរនាក់បានសាកសួរដល់ចាស់ទុំ ដើម្បីចង់ចូលស្តីដណ្តឹងរៀបការតាមប្រពៃណី ។
នាងបន្តថា បុរសទាំងពីរនាក់នោះ សុទ្ធតែជាមនុស្សល្អ ខ្ញុំធ្លាប់បានជួបមុខពួកគាត់រួចហើយ តែខ្ញុំបានសម្រេចចិត្តហើយថា ខ្ញុំមិនអាចទទួលយកនូវបំណងល្អរបស់ពួកគាត់បានទេ ដោយសារតែនៅពេលដែលខ្ញុំជួបគ្នានោះ គឺក្នុងអារម្មណ៍របស់ខ្ញុំ មិនបានគិតពីរឿងស្នេហាទាល់តែសោះ ។ នេះប្រហែលជាខ្ញុំ មិនមែនជាគូនឹងពួកគាត់ ឬក៏ខ្ញុំមិនទាន់ដល់គូក៏ថាបាន ព្រោះឆ្នាំនេះខ្ញុំទើបតែមានអាយុ១៧ ឆ្នាំ ។
និយាយតាមត្រង់ទៅចុះ អារម្មណ៍ របស់ខ្ញុំនៅពេលនេះមានការបែងចែកច្រើន ទីមួយដោយសារតែខ្ញុំមិនទាន់មានបទពិសោធន៍ នៅក្នុងសង្គម និងជីវិតស្នេហា ហើយទីពីរខ្ញុំនៅ ស្រលាញ់សិល្បៈ ខ្ញុំមានបំណងចង់ទទួលបានភាព ល្បីល្បាញពីសិល្បៈឱ្យបានខ្លាំងសិន ទើបខ្ញុំគិតពី រឿងអនាគត។
ទោះបីជា បេប៊ី មិនព្រមទទួលយកបុរសទាំងនោះមកធ្វើជាគូអនាគតក៏ដោយ ប៉ុន្តែនាងបានប្រាប់ថា ចំពោះគំរោងរបស់នាងប្រហែលជាខ្ទង់អាយុ២៥ឆ្នាំ ទើបនាងសម្រេចចិត្តចូលរោងការ ព្រោះនៅពេលនោះនាងប្រហែលជាចាស់ចិត្តគំនិតច្រើន និងអាចមានឈ្មោះបោះសំឡេងក្នុងសិល្បៈគ្រាន់បើសិន ។
ពាក់ព័ន្ធនឹងបុរសដែលនាងត្រូវជ្រើសរើសជាគូអនាគតនោះ បេប៊ី បញ្ជាក់ប្រាប់ថា ខ្ញុំចង់បានបុរសដែលមានវ័យចំណាស់ជាងខ្ញុំ និងមានភាពស្មោះត្រង់ជាមួយខ្ញុំ ។ ទោះបីជាមានទ្រព្យសម្បត្តិ ឬមិនមាន ក៏បុរសនោះត្រូវតែមានចំណេះដឹងដែរ។
ពាក់ព័ន្ធនឹងជីវិតសិល្បៈ បេប៊ី ប្រាប់ថា ការងារសិល្បៈរបស់នាងមានការរីកចំរើនខ្លាំងជាងឆ្នាំមុនៗ ព្រោះខ្ញុំទទួលបានការងារច្រើន មិនថាតែការដើរម៉ូត ច្រៀងតាមស្ថានីយទូរទស្សន៍ សម្តែងភាពយន្ត ខារ៉ាអូខេ ថតស្ប៉ត និងដើរម៉ូត ។ ថ្មីៗនេះនាងបានសម្តែងក្នុងរឿង “មីនុយធ្នាក់អន្ទាក់ ស្នេហ៍” ដែល កំពុងចាប់ផ្សាយនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងរឿង “ពូជខ្ញុំអ៊ីចឹង”ជាខ្សែវីដេអូបែបកំប្លែង របស់ផលិតកម្មរ៉ុក ៕