រដ្ឋាភិបាលជប៉ុនយល់ព្រមចេញកញ្ចប់ថវិកា៦៧៣ពាន់លានអឺរ៉ូ សំរាប់លំហាត់ផ្នែកពន្ធដារ
នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលជប៉ុនបានយល់ព្រមអោយចេញប្រើកញ្ចប់ថវិកា ៦៧៣ពាន់លានអឺរ៉ូ សំរាប់លំហាត់ផ្នែកពន្ធដារជាតិ ដើម្បីជួយបន្ថយឱនភាព និងប្រឈមទៅនឹងការចំណាយផ្នែកសុខាភិបាលដែលកំពុងកើនខ្ពស់ ក្នុងស្រុក។ កញ្ចប់ថវិកានេះ ក្នុងទឹកប្រាក់ខ្ពស់លើសលុបនេះ នឹងត្រូវឆ្លងកាត់ការអនុម័តរបស់សភាជប៉ុនជាមុនសិន។ ដោយឡែក ជប៉ុនបានលុបចោលនូវពាក្យថា បរិត្តផរណាក្នុងរបាយការណ៍សេដ្ឋកិច្ចប្រចាំខែរបស់ខ្លួន។
៩សែន៥ពាន់៨៨០ លានយេន ត្រូវនឹង៦៧៣ពាន់លានអឺរ៉ូ នេះគឺជាទឹកប្រាក់ដែលរដ្ឋាភិបាលជប៉ុនគ្រោងនឹងចាយវាយ សំរាប់ខែមេសា ឆ្នាំ២០១៤ខាងមុខ រហូតដល់ខែមិនាឆ្នាំ២០១៥។ កញ្ចប់ថិវកាដ៏លើសលុបមិនធ្លាប់មាននេះ នឹងយកទៅប្រើក្នុងលំហាត់ផ្នែកពន្ធដាររដ្ឋជប៉ុន ក្នុងទិសដៅព្យាយាមទប់ស្កាត់ឱនភាព និងចំណាយផ្នែកសុខាភិបាល ដែលកំពុងតែកើនឡើងខ្ពស់។
កញ្ចប់ថវិកាដ៏លើសលុបនេះ ក៏បានបង្ហាញដែរថា ជប៉ុនបានចំណាយខ្ពស់ក្នុងហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកយោធា។ ការចាយវាយរហូតដល់ ៦៧៣ពាន់លានអឺរ៉ូបែបនេះ ប្រៀបនឹងពេលកន្លងមក គឺមានការកើនឡើង ៣,៥ភាគរយ។ ងាកមើលចំណាយការប្រាក់សម្រាប់បំណុលរដ្ឋវិញ នៅពេលនេះ គឺមានមួយភាគបីនៃចំណាយសំរាប់ ឆ្នាំ២០០១៤-២០០១៥។
ទោះយ៉ាងនេះក្តី នាយករដ្ឋមន្ត្រីជប៉ុនបានអះអាងថា សេដ្ឋកិច្ចជប៉ុនស្ថិតក្នុងមាគ៌ាដ៏ល្អ ដើម្បីចាកចេញពីវិបត្តិ ដែលយើងហៅថា បរិត្តផរណានោះ។ ពាក្យបរិត្តផរណានេះ រដ្ឋាភិបាលជប៉ុនបានលុបចោល មិនប្រើក្នុងរបាយការណ៍សេដ្ឋកិច្ចប្រចាំខែរបស់ខ្លួនទៀតទេ។
ដើម្បីកាត់បន្ថយបំណុលរដ្ឋ ធ្វើអោយថវិកាមានលំនឹងក្នុងជញ្ជីង ច្បាប់ហិរញ្ញវត្ថុជប៉ុនបានគ្រោងវិធានការជាច្រើន បែបយ៉ាងដំឡើងពន្ធលើការលក់ទំនិញនិងសេវាកម្ម ដែលនឹងត្រូវចូលជាធរមាននៅខែមេសា ឆ្នាំ២០១៤ខាងមុខនេះហើយ។ នាយករដ្ឋមន្ត្រីជប៉ុន គិតថា ការដំឡើងពន្ធលើការលក់ទំនិញ និងសេវាកម្មពី៥ភាគរយ ទៅ៨ភាគរយ គឺអាចផ្តល់ចំណូលអោយរដ្ឋ ប្រមាណជាង៨១ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ហើយរដ្ឋាភិបាលប្រហែលជាអាចបន្តដំឡើងពន្ធនេះ ពី៨ទៅ១០ភាគរយ សម្រាប់ឆ្នាំ២០១៥៕ដោយ ព្រំ សឿន សូលីណា (RFI)