អ៊ីរ៉ង់​បង្អួត​យន្តហោះ​គ្មានមនុស្ស​បើក​ អាច​ធ្វើ​សកម្មភាព​បាន​ក្នុងចំងាយ​២០០០គីឡូម៉ែត្រ​

នៅថ្ងៃចន្ទ​នេះ ក្រសួង​ការពារ​ជាតិ​អ៊ីរ៉ង់​បាន​បង្អួត​​ជាសាធារណៈ​នូវ​​យន្តហោះដ្រូន ដែល​ជា​យន្តហោះ​​គ្មានមនុស្ស​បើកមួយគ្រឿង។ យន្តហោះ​នេះ​អាច​ផ្ទុក​អាវុធ​មីស៊ីល​​បាន ហើយ​អាច​ធ្វើសកម្មភាពបាន​​​​រវាង​ចំងាយ​២០០០គីឡូម៉ែត្រ ពោលគឺ​អាច​​វាយប្រហារ​ក្នុង​ទឹកដី​អ៊ីស្រាអែល​​ដែល​ជា​សត្រូវ​អ៊ីរ៉ង់​បាន។ ​អ៊ីរ៉ង់​បង្អួត​យន្តហោះ​នេះ​ឡើង ត្រឹមតែ​មួយថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​​ប្រធានាធិបតីបារាំង​បានចុះ​ទៅ​ទស្សនកិច្ច​អ៊ីស្រា អែល​។

Fotros ហ្វូត្រូស គឺ​ជាឈ្មោះ​​យន្តហោះ​ដ្រូន​គ្មាន​មនុស្សបើក ដែល​​ក្រសួង​ការពារ​ជាតិ​អ៊ីរ៉ង់​យក​មក​ដាក់​បង្អួត​​ជាសាធារណៈ​ នៅថ្ងៃចន្ទ​នេះ។ យន្តហោះ​នេះ​អាច​ផ្ទុក​អាវុធ​មីស៊ីល​​​ប្រភេទ​បាញ់បាន​ទាំង​​ផ្លូវអាកាស និងផ្លូវគោកច្រើនគ្រឿង។ យន្តហោះ​ដ្រូន​ហ្វូត្រូស​ ហោះបាន​ពី​១៦ ទៅ៣០ម៉ោង ​អាច​ធ្វើសកម្មភាពបាន​​​​រហូត​​ចំងាយ​២០០០គីឡូម៉ែត្រ ពោលគឺ​អាច​​វាយប្រហារ​​ចូល​ទឹកដី​​អ៊ីស្រាអែល​ដែល​ជាសត្រូវ​របស់​អ៊ីរ៉ង់​ បាន។ អ៊ីរ៉ង់​បាន​សាកល្បង​ប្រើយន្តហោះ​នេះ​ដោយជោគជ័យ​រួចមកហើយ។

អ៊ីរ៉ង់ ​បង្អួត​យន្តហោះ​នេះ​ឡើង ត្រឹមតែ​មួយថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​​ប្រធានាធិបតីបារាំង​បានចុះ​ទៅ​ទស្សនកិច្ច​អ៊ីស្រាអែល​។ ការលើក​បង្ហាញ​យន្តហោះ​ដ្រូននេះ​បញ្ជាក់ថា ទណ្ឌកម្ម​នានា​ដែល​ប្រទេស​សត្រូវ​នានា​​ដាក់​មក​លើ​​អ៊ីរ៉ង់ ដោយ​សារតែ​បញ្ហា​នុយក្លេអ៊ែរ​នោះ មិនអាច​ប៉ះពាល់​​ដល់ការរីកចំរើន​​វិស័យ​ការពារជាតិ​អ៊ីរ៉ង់​បានឡើយ។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ អ៊ីរ៉ង់​បាន​ធ្វើសកម្មភាព​ផលិត​យន្តហោះ​ដ្រូន​ជាច្រើនគ្រឿង ធ្វើអោយ​អាមេរិក​មានការ​ព្រួយបារម្ភ។ កាលពីខែកញ្ញា ​ឆ្នាំ​២០១២ អ៊ីរ៉ង់​បាន​​​បង្ហាញ​យន្តហោះ​ដ្រូន​​ ឈ្មោះថា​Shahed១២៣ ស្ហាហេដ ១២៣ អាច​ធ្វើសកម្មភាព​បាន​ចំងាយ​១៧០០គីឡូម៉ែត្រ និង​អាច​ផ្ទុក​មីស៊ីល​បាន​៨គ្រឿង។ ​អ៊ីរ៉ង់គ្រោង​ផលិត​យន្តហោះ​ស្ហាហេដ១២៣​​នេះ អោយ​បាន​ច្រើនគ្រឿង។

អ៊ីរ៉ង់ក៏ធ្លាប់​​​​​បាន​​បង្ហាញ​យន្តហោះ​ដ្រូន​មួយគ្រឿង​ផ្សេងទៀតដែរ គឺយន្តហោះ​​យ៉ាសៀ Yassir ហោះ​បាន​កម្ពស់​៤ពាន់៥រយម៉ែត្រ និង​​​អាច​ធ្វើសកម្មភាព​បាន​ចំងាយ​២០០០គីឡូម៉ែត្រ​។ កងទ័ព​អ៊ីរ៉ង់​ក៏បាន​ប្រកាស​ផងដែរ ​នូវ​​ការផលិត​យន្តហោះ​ដ្រូន​ប្រភេទ Rad-៨៥ ជា​យន្តហោះ​គ្មានមនុស្ស​បើក ប្រើសំរាប់​វាយ ប្រហារ៕ ​ដោយ ព្រំ សឿន សូលីណា​(RFI)

Related Articles

Back to top button
Close
Close