រុស្ស៊ី​ដោះលែង​ស្ត្រីអ្នកទោស​ Maria Aliokhina​ សមាជិក​ក្រុមចម្រៀង​ Pussy Riot ​

នៅថ្ងៃ ​ចន្ទ​នេះ នៅ​ប្រទេស​រុស្ស៊ី ស្ត្រី​អ្នកទោស Maria Aliokhina ជា​សមាជិក​​​នៃ​ក្រុមចម្រៀង​​​​ Pussy Riot បានចាកចេញពី​ពន្ធនាគារ​មុនពេល​កំណត់​ ស្របតាម​ក្របខណ្ឌ​នៃ​ច្បាប់​លើកលែងទោស​ ដែល​សភា​រុស្ស៊ី​ទើប​​បោះឆ្នោត នា​ពេលថ្មីៗ​នេះ។ Maria Aliokhina ត្រូ​វ​តុលាការ​កាត់ទោស​​អោយ​ជាប់​ពន្ធនាគារ​​២ឆ្នាំ​ ពីបទ​​បាន​ធ្វើការ​បែរបន់​នៅ​វិហារ​មួយកន្លែង​នៅ​ក្រុងម៉ូស្គូ កាលពី​ខែ​កុម្ភៈ ឆ្នាំ​​២០១២ ​ទាមទារ​អោយ​ប្រមុខ​គ្រិស្តសាសនា​អ័រថូដុក្សរុស្ស៊ី សម្តេចសង្ឃ Kirill ជួយ​​បណ្តេញ​ប្រធានាធិបតី​ពូទីន​ចេញ​ពី​អំណាច។

នៅប្រទេស ​រុស្ស៊ី ថ្ងៃ​ចន្ទ​នេះ ស្ត្រី​អ្នកទោស Maria Aliokhina ជា​សមាជិក​​​នៃ​ក្រុមចម្រៀង​​​​រុស្ស៊ី​ Pussy Riot ភូស៊ី រ៉ាយយ៉ូត បានចាកចេញពី​ពន្ធនាគារ ស្របតាម​ក្របខណ្ឌ​នៃ​ច្បាប់​លើកលែង​ទោស​ ដែល​សភា​រុស្ស៊ី​​​បាន​បោះឆ្នោត នា​​ពេលថ្មីៗ​នេះ។

គួររំលឹកថា ​Maria Aliokhina អាយុ​២៥ឆ្នាំ និង​សមាជិក​ក្រុមចម្រៀង​ ភូស៊ី រ៉ាយយ៉ូត មួយ​រូបទៀត គឺ Nadejda Tolokonnikova អាយុ​២៤ឆ្នាំ ត្រូ​វបាន​​តុលាការ​កាត់ទោស​អោយ​ជាប់ពន្ធនាគារ​២ឆ្នាំ ពីបទ​​បាន​ធ្វើការ​បែរបន់​នៅ​វិហារ​មួយកន្លែង​នៅ​ក្រុងម៉ូស្គូ កាលពី​ខែ​កុម្ភៈ​ ឆ្នាំ២០១២។ កាលណោះ ស្ត្រី​ទាំងពី​រ​បាន​​ទាមទារ​ ប្រមុខ​គ្រិស្តសាសនា​អ័រថូដុក្សរុស្ស៊ី សម្តេចសង្ឃ Kirill អោយ​ជួយ​បណ្តេញ​ប្រធានាធិបតី​ពូទីន​ចេញ​ពី​អំណាច។ តាមធម្មតា ស្ត្រី​ទាំងពីររូប​នេះ នឹង​ត្រូវ​ដោះលែង​នៅ​ខែ​មិនា ឆ្នាំ២០១៤​ខាងមុខ។ ប៉ុន្តែ ច្បាប់​លើកលែង​ទោស​ដែល​សភា​ទើបបាន​បោះឆ្នោត ​អាចជួយអោយ​ពួកគេ​បានចេញ​ពីពន្ធនាគារ​មុនពេលកំណត់។ ម្យ៉ាងទៀត នេះ​ក៏ដោយសារ​តែ​ស្ត្រី​អ្នកចំរៀង​ទាំង២ មាន​កូនៗ​នៅទន្ទឹង​ចាំផ្លូវ​នៅផ្ទះ​ផងដែរ។

ទោះ​ជា​បាន​ចាកចេញ​ពី​ ពន្ធនាគារ​មុន​ពេលកំណត់​ក្តី Maria Aliokhina បាន​ប្រាប់ថា ​ការលើកលែង​ទោស​នេះ មិនមែន​ជា​​ទង្វើ​មនុស្សធម៌​នោះទេ។ ​គឺ​ជា​ប្រតិបត្តិការ​​​ផ្នែក​ទំនាក់ទំនង​​សាធារណៈ​របស់​រដ្ឋាភិបាល​រុស្ស៊ី ពោលគឺ​ជា​យុទ្ធសាស្ត្រ​រុស្ស៊ី​នៅ​មុន​​ពិធី​ប្រកួតកីឡា​អូឡាំពិក​រដូវរងារ​ នៅខែ​កុម្ភៈ​ ខាង​មុខ​នេះ។ អ្នកចំរៀង​រុស្ស៊ី​ Maria បន្ថែម​ថា ​ប្រសិន​បើ​គាត់មានជម្រើស​ នោះ​គាត់​​ប្រហែល​ជាមិនព្រម​ចាកចេញ​ពី​ពន្ធនាគារ​​នោះទេ។​

កាលពី​ សប្តាហ៍​មុន ប្រធានាធិបតី​រុស្ស៊ី បាន​ប្រកាស​ថាស្ត្រីអ្នកចំរៀង​ក្រុម​ភូស៊ី​ រីយ៉ូ ទាំងពីររូប​ គឺ​ Maria និង​ Nadejda នឹង​បាន​ទទួល​​ការលើកលែង​ទោស​តាមច្បាប់​ ដូចជា​មហាសេដ្ឋីប្រេង រ៉ូដូខូវស្គី ដែលទើប​​បាន​ចាកចេញ​ពី​ពន្ធនាគារ កាលពី​ចុងសប្តាហ៍​កន្លងទៅ​ដែរ។

ច្បាប់​លើកលែងទោស​រុស្ស៊ី​ក៏​បាន​ជួយ​ ​​សមាជិក​នាវា​អង្គការ​បរិដ្ឋាន​ Greenpeace ៣០រូប ដែល​រុស្ស៊ី​បាន​ឃាត់ខ្លួន កាលពី​ខែ​កញ្ញា​កន្លងទៅ ​ អោយរួចផុត​ពី​សវនាការ​កាត់ទោស​នៅ​រុស្ស៊ី​ផងដែរ។ សមាជិក​នាវា​​ Greenpeace ៣០រូប នេះ​បានឡើង​ទៅ​ស្ថានីយបូមប្រេង​រុស្ស៊ី​មួយកន្លែង នៅតំបន់អាក់ទិច ​បរិហារ​ពី​ការបំពុល​បរិដ្ឋាននៅទីនោះ។

យោងតាម​អង្គការ​សិទ្ធិមនុស្ស​ នានា​ ច្បាប់​លើកលែង​ទោស​រុស្ស៊ី​អាច​ជួយ​ដោះលែង​អ្នកទោស​ប្រមាណ​តែ​ ១៥០០នាក់ប៉ុណ្ណោះ គឺបានតិចតួច​ បើ​គិត​ក្នុង​ចំណោម​​អ្នកទោស​សរុប ៧សែននាក់​​​​នៅ​រុស្ស៊ី៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close