ការពង្រីកផ្លូវជាតិលេខ ៤ ឲ្យបាន ៤ ជួរពីភ្នំពេញទៅកំពង់ស្ពឺ
ដោយ ហេង នាង
សារព័ត៌មានឃែមបូឌា ញូស៌ និង យុវវ័យថ្មី
ជ្រោះពេជ្រនិល (១២ ធ្នូ ២០១៣)៖ មន្រ្តី ជាន់ខ្ពស់នៃក្រសួងសាធារណការនិងដឹកជញ្ជូននៅថ្ងៃព្រហស្បត៍ នេះបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបានស្នើឲ្យក្រុមហ៊ុន អេហ្សិត អ៊ិនវេសមិន ពង្រីកផ្លូវជាតិលេខ៤ឲ្យបាន ៤ ជួរ (ទៅពីរ-មកពីរ) ចាប់ពីរង្វង់មូលចោមចៅទៅទីរួមខេត្តកំពង់ស្ពឺ ដោយគម្រោងនេះនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០១៤។
ថ្លែង ប្រាប់អ្នកសារព័ត៌មាននៅឯការដ្ឋានអ៊ុតបេតុងកៅស៊ូ នៅក្បែរជ្រោះពេជ្រនិល លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនបាននិយាយថា ការពង្រីកផ្លូវនេះគឺដើម្បីឲ្យចរាចរណ៍កាន់តែងាយ ស្រួលសម្រាប់អ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ៤។
លោកបាន បញ្ជាក់ថា នៅពេលដែលគម្រោងនេះបានបញ្ចប់ រាជដ្ឋាភិបាលនឹងពិចារណាលើការងារពង្រីកផ្លូវបន្តចាប់ពីកំពង់ស្ពឺ ទៅទៅខេត្តព្រះសីហនុ តែបញ្ហានេះវាអាស្រ័យលើចំណូលរបស់ក្រុមហ៊ុនដែលបានមកពីការ បង់ថ្លៃផ្លូវពីសំណាក់អ្នកធ្វើដំណើរតាមរថយន្តលើដងផ្លូវ ជាតិលេខ៤។
លោក ជួន វ៉ាន់ឌន នាយកចាត់ការទូទៅនៃក្រុមហ៊ុន អេហ្សិត អ៊ិនវេសមិន បាននិយាយថា នៅក្នុងកិច្ចសន្យារវាងក្រុមហ៊ុន អេហ្សិត អ៊ិនវេសមិន និងរាជរដ្ឋាភិបាលកម្ពុជា គឺក្រុមហ៊ុនត្រូវមើលការថែទាំនិងជួសជុលផ្លូវនៅចន្លោះពី រង្វង់មូលចោមចៅទៅខេត្តព្រះសីហនុក្នុងចម្ងាយផ្លូវ ២១៤ គីឡូម៉ែត្រ។
លោកបានបញ្ជាក់ថា តាមលក្ខណៈស្តង់ដារបច្ចេកទេសផ្លូវ គឺថា បើជួសជុលគឺមានតម្លៃជាង ១០ ម៉ឹនដុល្លារក្នុង១ គីឡូម៉ែត្រ ហើយបើពង្រីកឬក៏ធ្វើថ្មីគឺមានតម្លៃ១លានដុល្លារក្នុង១ គីឡូម៉ែត្រ។
លោកបានបន្តថា ដើម្បីធានាការថែទាំផ្លូវជាតិលេខ៤ឲ្យបានល្អ ក្រុមហ៊ុន អេហ្សិត អ៊ិនវេសមិន បានបង្កើតរោងចក្របេតុងកៅស៊ូក្រាលថ្មល់នៅខណ្ឌពោធិសែនជ័យ ដោយលោកអះអាងថា ក្រុមហ៊ុនបានចំណាយទឹកប្រាក់អស់ជាង ៣ លានដុល្លារអាមេរិកសម្រាប់តម្លើងរោងចក្រនេះនិងម៉ាស៊ីនអ៊ុត ថ្មល់។
នៅព្រឹកថ្ងៃព្រហស្បត៍នេះដែរ ក្រុមហ៊ុនក៏បានចាប់ផ្តើមអ៊ុតបេតុងកៅស៊ូមួយស្រទាប់បន្ថែមជា លើកដំបូងលើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចំណុចក្បែរ ជ្រោះពេជ្រនិល។
បន្ទាប់ពីបានចុះពិនិត្យមើលសង្វាក់ផលិតកម្មរោងចក្របេតុង កៅស៊ូក្រាលថ្មល់នៅខណ្ឌពោធិសែនជ័យ និងការពិនិត្យមើលការចាប់ផ្តើមអ៊ុតផ្លូវបេតុងកៅស៊ូមួយ ស្រទាប់បន្ថែមនៅក្បែរជ្រោះពេជ្រនិលរួចមក លោក លឹម ស៊ីដេនីន បានប្រាប់អ្នកយកព័ត៌មានថា លោកនិងមន្រ្តីរបស់ក្រសួងយល់ឃើញថា រោងចក្រពិតជាបានបំពាក់នូវឧបករណ៍ប្រកបដោយបច្ចេកទេស ត្រឹមត្រូវ ហើយឧបករណ៏ទាំងនោះសុទ្ធតែទំនើបៗនិងមានតម្លៃខ្ពស់នាំ ពីបរទេស។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន អេហ្សិត អ៊ិនវេសមិន បានឲ្យដឹងថា ការចំណាយដើមទុនសម្រាប់តម្លើងរោងចក្រនិងការទិញគ្រឿងចក្រថ្មីៗ បន្ថែមនេះគឺដោយសារក្រុមហ៊ុនត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការ ថែទាំនិងជួសជុលផ្លូវជាតិលេខ៤ជាប្រចាំស្របតាមកិច្ចព្រមព្រៀង សម្បទានពីរាជរដ្ឋាភិបាល។
សេចក្តីប្រកាសបានបន្តថា ក្រុមហ៊ុនក៏មានឆន្ទៈ និងមានគោលបំណងជម្រុញការវិនិយោគ និងអភិវឌ្ឍន៏ផ្លូវជាតិលេខ៤ ដោយពង្រីកផ្លូវឲ្យបាន៤ជួរពីភ្នំពេញដល់ក្រុងព្រះសីហនុ តាមរយៈប្រើប្រាស់កម្លាំងនិងធនធានដែលខ្លួនមានស្រាប់ និងការស្វែងរកប្រាក់កម្ចីពីធនាគារក្នុងនិងក្រៅប្រទេស ឬតាមរយៈការសហការជាមួយក្រុមហ៊ុនបរទេសតាមរូបភាពសហការវិនិយោគ (Joint Venture) ឬតាមរយៈការដាក់បញ្ចូលក្នុងទីផ្សារភាគហ៊ុនស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ថា កន្លងមក ក្រសួងសាធារណការនិងដឹកជញ្ជូនបានចុះអនុស្សារណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន JEXWAY របស់ប្រទេសជប៉ុនស្តីពីការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍រួមលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ (HIGHWAY) តាមគម្រោង “ភាពជាដៃគូរវាងរដ្ឋនិងឯកជន (Public & Private Partnership)”។
សេចក្តីប្រកាសបានបន្តថា ដោយសារក្រុមហ៊ុន អេហ្សិត អ៊ិនវេសមិន បានទទួលគម្រោង “ភាពជាដៃគូរវាងរដ្ឋនិងឯកជន” ពីរាជរដ្ឋាភិបាលលើផ្លូវជាតិលេខ៤ ទើបក្រុមហ៊ុន JEXWAY នាពេលបច្ចុប្បន្នបានជ្រើសរើសយកផ្លូវជាតិលេខ៤មកធ្វើជាករណី សិក្សាពង្រីកជាផ្លូវ៕