រដ្ឋធម្មនុញ្ញវៀតណាមបញ្ជាក់ថា គណបក្សកុម្មុយនិស្តជាបក្សតែមួយគត់ដែលគ្រប់គ្រងប្រទេស
នៅវៀតណាម ថ្ងៃព្រហស្បតិ៍នេះ តំណាងរាស្ត្រវៀតណាមស្ទើរតែគ្រប់គ្នា បានបោះឆ្នោតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់និងបញ្ជាក់ឡើងវិញថា គណបក្សកុម្មុយនិស្តវៀតណាម គឺជាគណបក្សតែមួយគត់ដែលគ្រប់គ្រងប្រទេស។ សម្លេងគាំទ្រគោលការណ៍គ្រប់គ្រងបែបឯកបក្សនេះ មានរហូតដល់៤៨៦សម្លេង ក្នុងចំណោមសម្លេងសរុប ៤៨៨។ សម្លេងពីរសេសសល់ ជាសម្លេងអនុប្បវាទ។ ចាប់ពីដើមឆ្នាំ២០១៣មក រដ្ឋអំណាចវៀតណាមបានរៀបចំអោយមានការសាកសួរយោបល់ប្រជាជន ទាក់ទងនឹងការគ្រប់គ្រងរដ្ឋ និងសង្គមតាមបែបឯកបក្សនេះ។
នៅថ្ងៃ ព្រហស្បតិ៍នេះ តំណាងរាស្ត្រវៀតណាម៤៨៦នាក់ ក្នុងចំណោមតំណាងរាស្ត្រសរុប ៤៨៨នាក់ បានសំរេចបោះឆ្នោតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់និងបញ្ជាក់ថាគណបក្សកុម្មុយនិស្តវៀតណាម គឺជាបក្សតែមួយគត់ ដែលដឹកនាំរដ្ឋនិងសង្គមវៀតណាម។ តាមរយៈការបោះឆ្នោតនេះ រដ្ឋាភិបាលវៀតណាមបង្ហាញថា ខ្លួនមានសិទ្ធិអំណាចពេញលេញដាច់ខាត ក្នុងឆាកនយោបាយ សេដ្ឋកិច្ច និងសង្គម។
វៀតណាមមានប្រជាជនប្រមាណ ៩០លាននាក់ ក្នុងនោះ ៤លាននាក់ជាសមាជិករបស់គណបក្សកុម្មុយនិស្ត ជាបក្សតែមួយគត់ក្នុងប្រទេស។ ចាប់ពីដើមឆ្នាំ២០១៣មក រដ្ឋអំណាចវៀតណាម បានរៀបចំអោយមានការសាកសួរយោបល់ប្រជាជន ទាក់ទងនឹងការគ្រប់គ្រងរដ្ឋ និងសង្គមតាមបែបឯកបក្សនេះ។ រដ្ឋាភិបាលព្រួយបារម្ភ ព្រោះថា ចាប់ពីពេលដែលបក្សកុម្មុយនិស្តបានចូលគ្រប់គ្រងវៀតណាម នៅឆ្នាំ១៩៧៥មក បក្សកុម្មុយនិស្តបានប្រឈមទៅនឹងការមិនទុកចិត្តរបស់ប្រជាជន។
កាលពីខែមករា ដើមឆ្នាំ ក្រុមបញ្ញវន្តមួយចំនួន បានសុំអោយរដ្ឋធម្មនុញ្ញលុបចោលនូវមាត្រាច្បាប់លេខ៤ ស្តីពីគោលការណ៍គ្រប់គ្រងប្រទេសបែបឯកបក្ស។ ប៉ុន្តែការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះ បានទាត់ចោលសំណូមពរនេះទៅវិញ។ យោងតាមសភាជាតិវៀតណាម មនុស្សជាច្រើនបានសុំអោយបក្សកុម្មុយនិស្ត ក្លាយជាកម្លាំងតែមួយគត់ ដើម្បីដឹកនាំប្រទេស។
ដោយឡែក វិសោធនកម្មច្បាប់វៀតណាមថ្មីនេះ មិនបានលើកឡើងពីកម្មសិទ្ធដីធ្លីឯកជន ដែលជាបញ្ហាក្តៅគគុកក្នុងសង្គមនោះទេ។ ផ្ទុយទៅវិញ កន្លងមក បញ្ហានេះបានបង្កអោយមានបាតុកម្មជាច្រើនក្នុងប្រទេស៕ដោយ ព្រំ សឿន សូលីណា (RFI)