គម្រោងទៅកាណាដារបស់ ឈិន សុធារី កំពុងតែជាប់គាំង
ភ្នំពេញ៖ ភាពជាប់គាំងក្នុងគម្រោងចេញទៅធ្វើការសម្តែង និងច្រៀងនៅលើទឹកដីនៃប្រទេសកាណាដារបស់អតីតពិធីការិនីវ័យក្មេងប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥នាង ឈិន សុធារី កំពុងតែក្លាយជារឿងស្មុកស្មាញមួយក្នុងចំណោមរឿងរ៉ាវជាច្រើន ដែលកំពុងធ្វើការវាយប្រហារមកលើរូបនាង ។
តារាសម្តែងស្រីនាង ឈិន សុធារី ត្រូវបានគេមើលឃើញថា មួយរយៈចុងក្រោយនេះហាក់មិនសូវមាន យីអ៊ុនទាល់តែសោះក្រោយពេលទទួលរងនូវការប៉ះទង្គិចរឿងរ៉ាវជាបន្តបន្ទាប់ ក្នុងនោះក្រៅពីប្រទះនូវរឿងរ៉ាវស្នេហាបែកបាក់ទន្ទឹមគ្នានឹងការបាត់បង់ការងារ នាង ឈិន សុធារី ក៏ពើបប្រទះនិងរឿងមានទំនាក់ទំនងស្នេហាជាមួយលោក សុវណ្ណ មករា ផងដែរ ។ តែយ៉ាងណានោះរឿងនេះត្រូវបានទាត់ចោលទាំងស្រុងតាមរយៈការចេញមុខធ្វើការបកស្រាយយ៉ាងខ្លីពីសំណាក់នាង ឈិន សុធារី ដោយបានលើកឡើងថា វាជារឿងយល់ច្រឡំ ។
យ៉ាងណាក៏ដោយ បើទោះជាគម្រោងចេញទៅធ្វើការសម្តែងនៅក្រៅប្រទេសហាក់ស្ថិតនៅក្នុងភាពមិនទាន់ច្បាស់លាស់ ក៏អតីតពិធីការិនីវ័យក្មេងសំបូរវោហារសព្ទ័ប្រចាំកម្មវិធី “ តារាមាសតន្រ្តី ” អះអាងថា នាងមិនមានការសោកស្តាយ ឬព្រួយបារម្ភណ៍អ្វីនោះទេ ព្រោះរាល់ថ្ងៃនាងក៏មានការងារមមាញឹកគួរសមផងដែរតាមរយៈចូលរួមក្នុ្ងងកម្មវិធីក្នុងស្រុកជាហូរហែរ ជាពិសេសក្នុងដំណើរចេញទៅសម្តែង និងច្រៀងនៅតាមបណ្តាខេត្តស្ទើរតែរកពេលសម្រាកគ្មាន ។
ទន្ទឹមនឹងការអះអាងខាងលើ គេនៅមិនទាន់អាចធ្វើការវាយតម្លៃពីភាពជោគជ័យលើវិថីសិល្បៈរបស់នាង ឈិន សុធារី ស្ថិតនៅក្នុងកំរិតណានៅឡើយទេ ព្រោះមួយរយៈចុងក្រោយនេះគេឃើញអតីតពិធីការិនីចាយសម្រស់រូបនេះ ហាក់ដូចជាមិនសូវលេចមុខលេចមាត់នៅលើឆាកប្រគុំតន្រ្តីរបស់ទូរទស្សន៍ក្នុងស្រុក ក៏ដូចជាបង្ហាញខ្លួននៅក្នុងកម្មវិធីរបស់ក្រុមហ៊ុនធំៗដូចមុនឡើយ ហើយក្នុងនោះតារាសម្តែងរាងតូចច្រឡឹងរូបនេះក៏មានការជាប់ពាក់ព័ន្ធទៅនឹងរឿងរ៉ាវដែលមិនសមប្រកបជាបន្តបន្ទាប់ផងដែរ ។
សូមបញ្ជាក់ថា រហូតមកទល់និងពេលនេះអតីតពិធីការិនី TV5 នាង ឈិន សុធារី កំពុងតែវិលវល់នៅមិន ទាន់រកទ្រនំជ្រកបាននៅឡើយទេ ខណៈតារាល្បីៗជាច្រើនរូបកំពុងតែញាប់ដៃញាប់ជើងក្នុងការប្រមូលប្រាក់ចំ ណូលពីអាជីពសិល្បៈ ៕ ស.រ/Cambodia News