គោលការណ៍ ៩ចំណុចសម្រាប់អាស៊ានគ្មានគ្រឿងញៀននៅឆ្នាំ២០១៥
ភ្នំពេញ៖ នៅក្នុងឱកាសទិវាអន្តរជាតិប្រឆាំងគ្រឿងញៀនលើកទី ២៥ នៅថ្ងៃ ទី២៦ មិថុនា ២០១២ នេះសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ស្ថាប័នជាតិ និងអន្តរជាតិ ដោយលើកឡើងនូវគោលការណ៍ ៩ ចំណុចដើម្បីសម្រេចឲ្យបាននូវគោលដៅអាស៊ានគ្មានគ្រឿងញៀននៅឆ្នាំ២០១៥ ។
នៅក្នុងគោលការណ៍ ៩ចំណុចរួមមាន ទី១. ការបន្តបណ្តុះបណ្តាលធនធានមនុស្ស បច្ចេកទេស និងសម្ភារ ទាំងក្នុងការងារអនុវត្តច្បាប់ និងការងារសុខភាពពាក់ព័ន្ធនឹងការប្រើបំពានគ្រឿងញៀន នៃបណ្តាប្រទេសកំពុងជួបប្រទះកាខ្វះខាត។ ទី២. ការអនុវត្តន៍ផុលផុសនូវសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ដែលបានដាក់ចេញនៅថ្ងៃទី០៤ មេសា ២០១២ ។
ទី៣. ការបង្ក្រាប និងផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរចំពោះអ្នកផលិតដាំដុះ ចរាចរ ចែកចាយគ្រឿងញៀន និងអ្នកពាក់ព័ន្ធ ដើម្បីលុបបំបាត់ឲ្យបានជាដាច់ខាតនូវរាល់ការផលិត ការដាំដុះ ការចរាចរ ការចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសរៀងខ្លួន។ ទី៤. ការត្រួតពិនិត្យឲ្យបានហ្មត់ចត់ចំពោះការនាំចេញ-នាំចូល នូវសារធាតុគីមីផ្សំគ្រប់ប្រភេទដែលអាចបង្វែទៅជាការផលិត និងការទទួលខុសត្រូវ គោរពវិន័យក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ដោយមិនអត់ឱនចំពោះជនល្មើស ឬមន្ត្រី ដែលប្រើប្រាស់តួនាទីរបស់ខ្លួនប្រព្រឹត្តិបទល្មើស។
ទី៥. ការកសាងភូម-ឃុំ មានសុវត្ថិភាព គ្មានគ្រឿងញៀន និងជំរុញឲ្យមានការចូលរួមពីមហាជន ដើម្បីប្រឆាំងគ្រឿងញៀនតាមគ្រប់រូបភាព។ ទី៦. ការពង្រឹងសេវាព្យាបាលអ្នកញៀនគ្រឿងញៀនឲ្យបានទួលំទូលាយ។ ទី៧. ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកបំរើការក្នុងប្រព័ន្ធផ្សព្វផ្សាយ ចូលរួមផ្សព្វផ្សាយឲ្យបានផុលផុសពីផលប៉ះពាល់ពីគ្រឿងញៀន។ ទី៨. ការយកចិត្តទុកដាក់ពីសំណាក់អាណាព្យាបាល និងការអប់រំកូនចៅឲ្យស្ថិតនៅឆ្ងាយពីគ្រឿងញៀន និងការបដិសេដការសេពគ្រឿងញៀន។ ទី៩. ការបដិសេធចំពោះគ្រឿងញៀន និងការសាកល្បងប្រើប្រាស់ពីសំណាក់សិស្សានុសិស្សថា ជាថ្នាំជំនួយកម្លាំង បំបាត់ការពិបាកចិត្តជាដើម។
គួរបញ្ជាក់ថា ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានន័យថា ការហាមប្រាម ការផលិត ការចរាចរ ការជួញដូរ និងការប្រើបំពានគ្រឿងញៀនខុសច្បាប់ ស្របតាមខ្លឹមសារនៃអង្គមហាសន្និបាតអង្គការសហប្រជាជាតិ ដែលទិវាអន្តរជាតិនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលដៅឆ្លើយតបទៅនឹងនិន្នាការនៃការផលិត ការចរាចរ ការជួញដូរ និងកាប្រើបំពានគ្រឿងញៀន នៅលើពិភពលោកដែលបានបង្កវិនាសសកម្ម និងវិបត្តិជាច្រើនចំពោះសង្គមជាតិ៕