អ្នកបឹងកក់នៅតែតវ៉ាឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ឋា
ភ្នំពេញ៖ កាលពីព្រឹកថ្ងទី៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្រុមអ្នកបឹងកក់នាំគ្នាតវ៉ា ឲ្យមានការដោះលែងអ្នកស្រី យ៉ោម បុប្ឋា ការតវ៉ានេះធ្វើឡើងខណៈដែលតុលាការសាលាឧទ្ធរណ៍ ប្រកាសសាលដីកាលើសំណុំរឿងលោក ឈូក បណ្ឌិត នៅព្រឹកថ្ងៃចន្ទនេះ។
ក្រុមអ្នកបឹងកក់ បានទៅប្រមូលផ្តុំគ្នាតវ៉ាជាថ្មី នៅមុខតុលាការកំពូល អំពីសំណុំរឿងសកម្មជនដីធ្លី អ្នកស្រី យ៉ោម បុប្ផា។ ជាការតវ៉ា ដើម្បីសុំឲ្យតុលាការពន្លឿនចំណាត់ការដោះលែង អ្នកស្រី យ៉ាម បុប្ឋា។
ការប្រមូលផ្តុំ នៅតុលាការកំពូល ដែលស្ថិតនៅជិតនឹងតុលាការសាលាឧទ្ធរណ៍ នាព្រឹកនេះ គឺអ្នកភូមិបឹងកក់ ទាមទារឲ្យតុលាការដោះលែងអ្នកស្រី យ៉ោម បុប្ផា ហើយបានប្រៀបធៀបករណីលោក ឈូក បណ្ឌិត ដែលបានបាញ់ស្ត្រីកម្មករ ៣ នាក់ រងរបួសស្ទើរតែស្លាប់ តែបែរជាលោក ឈូក បណ្ឌិត នៅមានសេរីភាព រីឯអ្នកស្រី យ៉ោម បុប្ផា ជាប់ចោទ ក្នុងរឿងព្រួតគ្នាវាយលើបុរសអ្នករត់ម៉ូតូឌុបពីរនាក់ រងរបួសបែកក្បាល បែរជាត្រូវតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារ ៣ ឆ្នាំ ហើយតុលាការសាលាឧទ្ធរណ៍ បានសម្រាលមកត្រឹម ២ ឆ្នាំ៕ Cambodia News