លោក ហ៊ុន សែន ទទួលជួបសវនាការជាមួយអគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក
ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៣ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក តាលីប រីហ្វាយ (Taleb Rifai) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោកចូលជួបសំដែងការគួរសម នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី។
នៅក្នុង ជំនួបនេះ លោកបណ្ឌិត តាលីប រីហ្វាយ បានជំរាបជូនសម្តេចតេជោថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជាកាលពីឆ្នាំ ២០១០ រហូតមកដល់ពេលនេះលោកបានឃើញប្រទេសកម្ពុជាមានការផ្លាស់ប្តូរយ៉ាងពិត ប្រាកដ ហើយកម្ពុជាបានក្លាយទៅជាទិសដៅទេសចរណ៍ដ៏ពិតៗនិងមានប្រជាជនជាច្រើន ដែលបាន និងកំពុងនិយាយពីកម្ពុជាថា មានសេដ្ឋកិច្ចល្អ និងនយោបាយល្អ ព្រមទាំងកំពុងតែកសាងនូវប្រទេសមួយដ៏ស្រស់ស្អាតនៅលើពិភពលោក។
លោកនាយករដ្ឋបន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ទោះបីជាមានវិបត្តិហិរញ្ញវត្ថុពិភពលោកក៏ដោយ ក៏កម្ពុជានៅតែមានសក្ដានុពលនៅឡើយ ហើយវិស័យទេសចរណ៍បានចូលរួមចំណែកយ៉ាង សំខាន់ជំរុញក្នុងការកាត់បន្ថយភាពក្រីក្រ។
លោកនាយករដ្ឋបន្ត្រី ហ៊ុន សែន បន្តថា យើងចង់ធ្វើយ៉ាង ណាកុំឲ្យទេសចរណ៍ទន្ទ្រានវប្បធម៌ តែផ្ទុយទៅវិញគឺអភិរក្សវប្បធម៌ដើម្បីទាក់ទាញទេសចរណ៍។ សម្ដេចបានថ្លែងអំណរគុណ និងសូមគាំទ្រនូវចំណុចទាំង ៣ ដែលលោក តាលីប បានលើកឡើងក្នុងជំនួបនោះ៕ Cambodia News