ឥណ្ឌាអះអាងថានឹងមានវិធានការទប់ស្គាត់គ្រោះថ្នាក់មនុស្សរត់ជាន់គ្នាស្លាប់
ប្រទេសឥណ្ឌាមានប្រវិត្តិកើតមានឡើងនូវ ព្រឹត្តិការណ៍គ្រោះថ្នាក់ រត់ជាន់គ្នាស្លាប់ ជាយូរយាណាស់មកហើយ នៅពេលមានបុណ្យម្ដងៗ។ ប៉ុន្តែឥឡូវមន្រ្តីផ្នែកការគ្រប់គ្រងគ្រោះមហន្តរាយ និយាយថាខ្លួនមានវិធានការប្រសើរជាងមុនសម្រាប់គ្រប់គ្រងនិងបង្ការ គ្រោះថ្នាក់រត់ជាន់គ្នានេះ។
មន្រ្តីពីអាជ្ញាធរជាតិដើម្បីគ្រោះមហន្តរាយរបស់ប្រទេស ឥណ្ឌា និយាយថា ឥឡូវនេះ ខ្លួនកំពុងតែត្រៀមសេចក្ដីណែនាំសម្រាប់គ្រប់គ្រងហ្វូងមនុស្ស។ មន្រ្តីដដែលនិយាយថា អាជ្ញាធរនេះក៏នឹងធ្វើការជាមួយអ្នកជំនាញល្បីៗរបស់ វិទ្យាស្ថានគ្រប់គ្រងក្នុងប្រទេសឥណ្ឌា ដែលសុទ្ធតែមានបទពិសោធន៍នៅក្នុងការគ្រប់គ្រងហ្វូងមនុស្ស។
គួរ រលឹកថា នៅថ្ងៃម្សិលមិញនេះ មានគ្រោះថ្នាក់មួយកន្លែងនៅក្នុងរដ្ឋ Madhya Pradesh ដែលក្នុងនោះមានមនុស្សយ៉ាងតិច៩១នាក់បានស្លាប់។ នៅថ្ងៃបុណ្យទានសំខាន់មួយនៅឯវត្តមួយកន្លែងមានប្រជាពលរដ្ឋច្រើន ប្រមាណ២ម៉ឺនដើរឆ្លងស្ពានប្រវែង៥០០ម៉ែត្រ។ សាក្សីនិយាយថា មុនពេលគ្រោះរត់ជាន់គ្នាបានកើតឡើង មនុស្សនៅលើស្ពានបានផ្អើលនឹងដំណឹងឮតៗថាស្ពានកំពុងតែបាក់ដែល បណ្ដាលឲ្យមនុស្សផ្អើលរត់ជាន់គ្នារហូតដល់ស្លាប់។ មួយចំនួនបានលោតចេញពីស្ពានទៅក្នុងទឹក។ មានមនុស្សយ៉ាងតិច១០០នាក់រងរបួស។
ស្ពានមួយកន្លែងនេះបានរង គ្រោះ ថ្នាក់បែបនេះម្ដងរួចហើយកាលពីឆ្នាំ២០០៧។ ប្រទេសឥណ្ឌាទាំងមូលបានជួបនឹងគ្រោះថ្នាក់រត់ជាន់គ្នាស្លាប់ជា ច្រើនគ្រានិងមានមនុស្សរាប់រយនាក់ស្លាប់៕ (Radio Australia)