ប៉ូ ស៊ីឡៃ សរសេរសំបុត្រថា ឈ្មោះលោកនឹងត្រូវបានលាងសំអាតនៅថ្ងៃណាមួយមិនខាន
សារព័ត៌មានហុងកុង បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ថា ប៉ូ ស៊ីឡៃ អតីតមន្ត្រីជាន់ខ្ពស់គណបក្សកុម្មុយនិស្តចិន បានសរសេរសំបុត្រមួយច្បាប់ នៅក្នុងពន្ធនាគារ ផ្ញើទៅក្រុមគ្រួសារលោក ដោយបានប្រាប់ថា នៅថ្ងៃណាមួយ ឈ្មោះលោកនឹងត្រូវបានលាងសំអាតជាក់ជាពុំខាន។ គួររំលឹកថា លោក ប៉ូ ស៊ីឡៃ ជាប់ចោទពីបទស៊ីសំណូក និងបំពានអំណាចដើម្បីទប់ស្កាត់ការស៊ើបអង្កេតលើការធ្វើឃាតពាណិជ្ជករ អង់គ្លេសមួយរូប ដែលភរិយាលោកមានការជាប់ពាក់ព័ន្ធ។ តុលាការចិននឹងចេញសាលក្រមដាក់ទោសលោក ប៉ូ នៅថ្ងៃអាទិត្យនេះហើយ។
យោងតាមសារព័ត៌មានហុងកុង អតីតមន្ត្រីជាន់ខ្ពស់គណបក្សកុម្មុយនិស្តចិន ប៉ូ ស៊ីឡៃ បានសរសេរសំបុត្រមួយច្បាប់នេះ នៅក្នុងពន្ធនាគារ តាំងពីសប្តាហ៍មុនម្ល៉េះ ដើម្បីផ្ញើទៅគ្រួសារលោក។ ក្នុងសំបុត្រនោះ លោកប៉ូបានលួងលោមក្រុមគ្រួសារលោក ដោយប្រាប់ថា ថ្ងៃណាមួយឈ្មោះលោក នឹងត្រូវបានលាងសំអាត ពុំខានឡើយ។ លោក ប៉ូ ប្រាប់ទៀតថា លោករង់ចាំសាលក្រមទោស ដោយស្ងប់ស្ងាត់បំផុត។ លោកប៉ូ បានអរគុណគ្រួសារលោកដែលបានគាំទ្រលើកទឹកចិត្តលោក ក្នុងរឿងក្តី។
គួររំលឹកថា លោក ប៉ូ ស៊ីឡៃ អាយុ៦៤ឆ្នាំ ជាអតីតមេដឹកនាំក្រុងស្វយ័ត ឆុងឈីង Chongqing ។ លោកប៉ូជាប់ចោទពីបទស៊ីសំណូក បំបាត់ថវិការដ្ឋចិន និងបំពានអំណាចដើម្បីទប់ស្កាត់ការស៊ើបអង្កេតលើការធ្វើឃាតពាណិជ្ជករ អង់គ្លេសមួយរូប ដែលភរិយាលោកមានការជាប់ពាក់ព័ន្ធ។ តុលាការចិននឹងចេញសាលក្រមដាក់ទោសលោក ប៉ូ នៅថ្ងៃអាទិត្យនេះហើយ។ អ្នកវិភាគនានាគិតទុកថា តុលាការដែលស្ថិតក្រោមឥទ្ធិពលគណបក្សកុម្មុយនិស្តចិននោះ នឹងសំរេចដាក់ទោសលោកប៉ូ ត្រឹមតែ ជាទោសជាប់ពន្ធ នាគារយូរឆ្នាំតែប៉ុណ្ណោះ។
ដោយឡែក ក្នុងសំបុត្រសរសេរទៅគ្រួសារលោក លោកប៉ូ បន្ថែមទៀតថា ឳពុកលោកធ្លាប់ជាប់ពន្ធនាគារច្រើនលើកហើយ ហើយលោកបានដើរតាមមាគ៌ារបស់ឳពុកលោក។ គួររំលឹកថា ឳពុកលោក ប៉ូ ស៊ីឡៃ មានឈ្មោះថា ប៉ូ យីប៉ូ គឺជាសកម្មជនបដិវត្តន៍ និងជាសមាជិកការិយាល័យនយោបាយចិន ដែលរងគ្រោះក្នុងសម័យបដិវត្តន៍វប្បធម៌ចិន ចន្លោះឆ្នាំ១៩៦៦-១៩៧៦។ លោកប៉ូប្រាប់ថា ថ្វីដ្បិតតែឳពុកម្តាយលោកបានចែកឋានទៅហើយក្តី តែការអប់រំរបស់ពួកគាត់នៅតែបន្តមានចំពោះរូបលោកជានិច្ច។ ហើយលោកនឹងមិនបង្អាប់បង្ខូចឈ្មោះរបស់ឳពុកម្តាយលោកឡើយ៕ដោយ ព្រំ សឿន សូលីណា (RFI)