គណ​បក្ស​សង្គ្រោះ​ជាតិ​ នឹង​ធ្វើ​សន្និ​សីទ​សារ​ព័ត៌​មាន​ ស្តី​ពី​ជំហរ​ប្រជុំសភា​

ភ្នំ​ពេញ​៖ នៅ​ព្រឹក​ម៉ោង​១១ ថ្ងៃ​សុក្រ​នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ស្តីពី​គោលជំហរ​គណបក្ស​ក្នុង​ការចូលរួម​សម័យប្រជុំ​សភា​លើក​ដំបូង​នៅ​ថ្ងៃ​ ទី​២៣​ខែ​កញ្ញា ឬ​យ៉ាងណា​។ ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​ នឹង​មាន​វត្តមាន​​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​អនុប្រធាន​លោក កឹម សុខា។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ថ្វាយព្រះមហាក្សត្រ​ជា​ថ្មី ដើម្បី​សុំ​ការពន្យារពេល​ប្រជុំ​សភា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២៣​ខែ​កញ្ញា បន្ទាប់​ពី​ព្រះមហាក្សត្រ បាន​បដិ​សេធ លិខិត​របស់​គណបក្ស​។​

image1កាល​ពី​​​ថ្ងៃ​១៨ ខែកញ្ញា ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​សីហមុនី បដិសេធ​លិខិត​ស្នើ​សុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ពន្យារ​ពេល​ការប្រជុំ​សភា ដោយ​ស្នើឲ្យ​តំណាងរាស្ត្រ​គណបក្ស​ទាំង​៥៥​រ​រូប ចូលរួម​ប្រជុំដំបូង​នៃ​រដ្ឋសភា ​នៅ​ថ្ងៃ​ទី​២៣​ខែ​កញ្ញា ខាងមុខ​ ដើម្បី​បង្ហាញ​នូវ​ការរួបរួម និង​ឯកភាព​ជាតិ។

កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមាន​ថា គណបក្ស​ប្រឆាំង​នឹង​ធ្វើ​មហា​បាតុកម្ម​លើក​ទី​បី ប្រសិនបើ​មាន​ការ​បើកប្រជុំ​សភា​នៅ​ថ្ងៃទី​២៣​កញ្ញា ដោយ​​មិន​មាន​ដំណោះស្រាយ​សមរម្យ​ជាមុនសិន​។

ចំ​ណែក​​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ប្រកាន់​ជំហ​រថា តំណាងរាស្ត្រ​របស់​ខ្លួន​នឹង​ចូលរួម​ប្រជុំ​សភា​ធម្មតា បើទោះជា​មិន​មាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ​។​

​​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា ប្រកាសថា ពិធី​បើក​សម័យប្រជុំ​រដ្ឋសភា​នីតិកាល​ទី​៥​ដំបូង នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា សប្តាហ៍​ក្រោយនេះ ក្រោម​ព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​រដ្ឋ​សភា​។​

​សេចក្តីប្រកាស ព័ត៌មាន​បន្តថា សម័យប្រជុំ​ដំបូង​នេះ នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទទ​ក​), វិទ្យុជាតិ FM96MHZ និង​វិទ្យុ​វត្តភ្នំ 105.70MHZ ចាប់ពី​ម៉ោង ៨​ព្រឹក​៕ Cambodia News

Related Articles

Back to top button
Close
Close