ពៅ ភិរុណ មកលេងស្រុកឆ្លៀតបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍
ភ្នំពេញ ៖ អតីតតារាសម្តែង ល្បីឈ្មោះគួសមកាលពីអំឡុងប៉ុន្មានឆ្នាំមុននេះលោកពៅ ភិរុណបានឆ្លៀតពេលបង្ហាញវត្តមានតាមកញ្ចក់ទូរទស្សន៍ជាថ្មី ក្រោយចាកចេញទៅរស់នៅទឹកដីអាមេរិកអស់ជាច្រើនឆ្នាំមកនេះ។
បើទោះបីជាបានចាកចោលស្រុកចេញទៅរស់នៅក្នុងទឹកដីមហាអំណាចមួយនេះក៍ដោយ ប៉ុន្តែតារាសម្តែងរាងសង្ហារូបនេះត្រូវបានគេសង្កេតឃើញថា ជាញឹកញាប់លោកបានចំណាយពេលមកលេងស្រុកកំណើតមិនសូវជាអាក់ខានឡើយ។ថ្មីៗនេះលោកពៅ ភិរុណបានមកកាន់កម្ពុជាសារជាថ្មីព្រមទាំងបានឆ្លៀតពេលឡើងបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ថែមទៀតផង។
គេនៅចាំបានថាកាលពីអំឡុងលោកពៅ ភិរុណឡើងកូដក្នុងវិស័យសិល្បៈលោកមានការងារធ្វើលើទ្រនំមួយនេះយ៉ាងណែនពេញដៃតាំងពីការថតខារ៉ាអូខេសម្តែងភាពយន្តពិសេសអាជីពជាធិធីករគឺលោកក៍ទទួលបានសំឡេងគាំទ្រយ៉ាងសន្ឋឹកណាស់ដែរ។
ដោយឡែកសម្រាប់ឱកាសលោកមកលេងស្រុកកំណើតលើកនេះលោកពៅ ភិរុណបានគូសបញ្ជាក់ថាលោកមកលេងស្រុកកំណើតលើកនេះមានរយៈពេល៣សប្តាហ៍ដោយគោលដៅគឺមកកម្សាន្តតាមតំបន់ទេសចរណ៍មួយចំនួននៃស្រុកយើងក៍ដូចជាជួបជុំបងប្អូននិងមិត្តរួមអាជីពពីមុនៗដែលស្គាល់លោកផងដែរ។លោកបន្តថាការពិតទាក់ទិននិងវិស័យសិល្បៈគឺលោកបានចាត់ទុកខ្លួនឯងដកខ្លួនហើយតែពេលមកស្រុកគឺលោកហ្វៃ សំអាងគាត់ដឹងចេះតែហៅឲ្យលោកមកជួយសម្តែងក្នុងកម្មវិធីគាត់ព្រោះយល់ថាលោកធ្លាប់មានស្នាដៃក្នុងអាជីពមួយនេះ ។
ទោះយ៉ាងណាលោកភិរុណក៍មិនហ៊ានលូកលាន់ការងារចាស់នេះយកមកក្តាប់ក្នុងដៃដោយទុកឲ្យអ្នកជំនាន់ក្រោយគេអន់ចិត្តនោះទេ។លោកបញ្ជាក់ថាទុកឲ្យក្មេងៗស្រករក្រោយគាត់បញ្ចេញសមត្ថភាពម្តងទៅចុះលោកមិនដណ្តើមអ្នកណាទេដោយសារតែលោកឃើញថាតារារលកក្រោយគាត់ចេះច្រើនណាស់ក្នុងផ្នែកសិល្បៈមិនថាតែអាចសម្តែងនោះឡើយពោលគឺម្នាក់បានគ្រប់យ៉ាង។ អតីតនិស្សិតផ្នែកទស្សនៈវិជ្ជានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញហើយឈោងចាប់ការងារសិល្បៈតាំងពីនៅរៀនរូបនេះថ្លែងទៀតថាលោកមិនទាន់ដឹងថាអាចឡើងមកបង្ហាញវត្តមាននៅតាមកម្មវិធីទូរទស្សន៍មួយចំនួនទៀតឬយ៉ាងណាទេព្រោះគោលដៅរបស់លោកគឺមកលេងស្រុកបែបឯកជនប៉ុណ្ណោះ៕ ស.រ/Cambodia News