ថ្នាក់ដឹងនាំគណបក្សសង្គ្រោះជាតិ ជាង២០នាក់ ទៅទទួលព្រះមហាក្សត្រ
ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ទី១១កញ្ញា នេះ លោក សម រង្ស៊ី និងលោក កឹម សុខា រួមទាំងគណៈប្រតិភូជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលមានសមាជិកប្រមាណ ជា ២០នាក់ នឹងបង្ហាញមុខនៅក្នុងចំណោមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ជាច្រើន ពួកគេត្រូវទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ពីទីក្រុងប៉េកាំងប្រទេសចិននៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
នៅរសៀលថ្ងៃអង្គារនេះ មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានឲ្យដឹងថា គណបក្សរបស់លោកបានជូនដំណឹងទៅព្រះបរមរាជវាំងរួចហើយ អំពីវត្តមានរបស់ គណៈប្រតិភូជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ក្នុងការទទួលព្រះរាជដំណើរ យាងនិវត្តន៍របស់ព្រះមហាក្សត្រ។ ប៉ុន្តែ លោកបានបដិសេធមិនព្រមប្រាប់អំពីប្រធានបទអ្វីខ្លះដែលត្រូវ ទូលថ្វាយព្រះមហាក្សត្រនៅពេលនោះទេ។
យ៉ាងណាក៏ដោយ វាមិនមែនជារឿងចៃដន្យទេ ដែលមេដឹកនាំបក្សប្រឆាំងស្កាត់ទៅជួប ព្រះមហាក្សត្រនៅឯព្រលានយន្តហោះនោះ។ ការយាងត្រឡប់មកវិញរបស់ព្រះមហាក្សត្រនៅពេលនេះបានធ្វើឡើងស្របពេលដែល ព្រះអង្គត្រូវកោះអញ្ជើញអ្នកតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ ឲ្យ ចូលប្រជុំសភាដំបូង៕ នាង/ Cambodia News