ពួក​ឧទ្ទាម​ហ្វីលីពីន​ចាប់​មនុស្ស​ជា​ច្រើន​នាក់​ធ្វើ​ជា​ចំណាប់ខ្មាំង​

ក្រុម ​ឧទ្ទាម​នៃ​ចលនា​ឥស្លាម​ដែលជា​ ក្រុមប្រឆាំង​ទៅនឹង​កិច្ចចរចា​រ​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​ក្រុង​​ម៉ានីល​​ បាន​ចាប់​មនុស្ស​ប្រមាណ​ជា ២០ នាក់​ធ្វើជា​ចំណាប់ខ្មាំង​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ​នេះ។ ការប្រយុទ្ធ​គ្នា​ក៏បាន​កើតឡើង​ផងដែរ​នៅឯ ​កោះ​មីន​ដា​ណាវ ​រវាង​ក្រុម​ ឧទ្ទាម​ជាមួយ​កងទ័ព​ហ្វីលីពីន។

សូរកាំភ្លើង ​បាន​លាន់លឺ​ឡើង​ម្តងទៀត​ទាំង​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ​នេះ ​នៅ ​ជិត​ទីក្រុង​កំពង់ផែ​ឈ្មោះ Zamboanga ស្ថិតនៅលើ​កោះ​មីន​ដា​ណាវ ដែលមាន​ប្រជាជន​រស់នៅ ៨០ ម៉ឺន​នាក់។ ពួក​ឧទ្ទាម​បាន​ចាប់​មនុស្ស​ប្រមាណ​ជា ២០ នាក់​ទៀត ​ធ្វើជា​ចំណាប់ខ្មាំង។ កាលពី​ថ្ងៃ​ចន្ទ ពួក​ឧទ្ទាម​ប្រដាប់អាវុធ​ពី ២០០ ទៅ ៣០០ នាក់​ដែលជា​សមាជិក​ក្រុម​រណសិរ្ស​ ម៉ូ​រ៉ូ​រំដោះជាតិ​ក៏បាន​ចូលទៅ​កោះ​មីន​ ដា​ណាវ​នេះដែរ​ដោយ​ចាប់​មនុស្ស​ជាច្រើន​នាក់​ធ្វើជា​ចំណាប់ខ្មាំង។ ការប្រយុទ្ធ​គ្នា​ក៏បាន​សម្លាប់​មនុស្ស២៤នាក់​ផងដែរ។

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ពួក​ឧទ្ទាម​បាន​បើក​ការវាយប្រហារ​ជាថ្មី​ចាប់​មនុស្ស​ជាច្រើន​ធ្វើជា​ចំណាប់ ​ខ្មាំង​បន្ថែមទៀត។ ប្រភពពី​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា មាន​មនុស្ស​រហូតដល់​ជាង ១៧០ នាក់​​ឯណោះ​ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​ក្រុម​ឧទ្ទាម។ ប្រជាពលរដ្ឋ​ទាំងនោះ​ត្រូវបាន​ប្រើ​ប្រាស់​​ជា​របាំង​ដើម្បី​ការពារ​ការ​ វាយបក​ពី​សំណាក់​កងកម្លាំង​អាជ្ញាធរ។ អ្នកភូមិ​ជាង ១៥០០ នាក់​ផ្សេងទៀត​បាន​ភៀសខ្លួន​ចេញពីផ្ទះ​សម្បែង។

ស្ថាបនិក​នៃ​ចលនា​រណសិរ្ស​ម៉ូ​រ៉ូ​រំដោះជាតិ​បាន លោក Nur Misuari បាន​ប្រកាស​«ឯករាជ្យ»​នៃ​​តំបន់​ដែលមាន​ពលរដ្ឋ​ឥស្លាម​យ៉ាងច្រើន​រស់នៅ និង​បាន​អំពាវនាវ​ឲ្យ​ក្រុម​ប្រដាប់អាវុធ​របស់ខ្លួន​ចូលកាន់​កាប់​អាគារ​ រដ្ឋាភិបាល​ទាំងឡាយ​នៅ​ទីនោះ​ទៀតផង។ ប្រធានាធិបតី ហ្វីលីពីន លោក ប៊ី​នី​ណូ អា​គូ​ណូ បាន​បញ្ជូន​ទីប្រឹក្សា​ផ្នែក​សន្តិសុខ​ម្នាក់​ទៅកាន់​តំបន់​នោះ​ហើយ​ដើម្បី​ ចរចា​ជាមួយ​ក្រុម​ឧទ្ទាម។

គួររម្លឹកថា ក្រុម​រណសិរ្ស​ម៉ូ​រ៉ូ​រំដោះជាតិ​ហ្វីលីពីន​បាន​ចុះហត្ថលេខា​លើ​ កិច្ចព្រមព្រៀង​សន្តិភាព​មួយ​​កាលពី​ឆ្នាំ ១៩៩៦ ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ម៉ានីល ហើយ​ចាប់ពីពេលនោះ​មក ពួកគេ​បាន​បោះបង់ចោល​ការទាមទារ​ឯករាជ្យ​ទៀតហើយ​ ដោយ​គ្រាន់តែ​ចង់បាន​ ស្វ័យភាព​នៃ​តំបន់​នោះ​តែប៉ុណ្ណោះ។

ប៉ុន្តែ រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​បាន​បែរ​ទៅ​ចរចា​ជាមួយ​ក្រុម​ទាមទារ​ឯករាជ្យ​ មួយទៀត​ដែលមាន​ឈ្មោះថា រណ​ស្សិ​ម៉ូ​រ៉ូ​រំដោះ​ឥស្លាម។ ក្រុម​នេះ​មានបំណង​ដាក់​តំបន់​ឥស្លាម​នេះ​ឲ្យ​ទៅ​ជា​​ស្វ័យភាព​នៅ​ឆ្នាំ ២០១។ កិ​ច្ចរចា​ជាមួយ​ក្រុម​ថ្មី​នេះ​បានធ្វើ​ឲ្យ​ក្រុម​រណសិរ្ស​ម៉ូ​រ៉ូ​ រំដោះជាតិ​មិន​សប្បាយចិត្ត​ ពីព្រោះ​ពួកគេ​បាន​ហៅ​ការចរចា​នេះ​ថា​បានធ្វើ​ ឲ្យ​ក្រុម​របស់ខ្លួន​និង​កិច្ចព្រមព្រៀង​គ្នា​កាលពី​ឆ្នាំ ១៩៩៦ អស់​តម្លៃ។ ហេតុដូច្នេះ​ហើយ​បានជា​ពួកគេ​សម្រេចចិត្ត​បើក​ការវាយប្រហារ​បែបនេះ៕ដោយ ប៉ែន បូណា (RFI)

Related Articles

Back to top button
Close
Close