សូដា នីតា រអាលក្នុងការទទួលយកស្នេហ៍ថ្មី
ភ្នំពេញ៖ បើទោះជាដល់វ័យចង់លើសការសំពះផ្ចឹមក៍ដោយតារាសម្តែង និងជាពិធីការិនីសាច់សខ្ចីនាង សូដា នីតា នៅតែអះអាងថានាងនៅតែមានចិត្តរអាលដោយមិនទាន់ប្រាថ្នារឿងចំណងប្រាំប្រការដូចគេឡើយនាំឲ្យក្លាយជាអ្នកទោសស្នេហាទៅណាមកណាមិនដូចនៅខ្លួនមួយ។
បើនិយាយពីស្នេហាវិញសូដា នីតាក៍មានស្នាមស្នេហ៍បរាជ័យច្រើនដងខ្លះដែរព្រោះតាំងពីនាងឡើងកូដមកជម្រើសទទួលយកបុរសកំពូលស្នេហ៍ដែលនាងធ្លាប់ជំពប់កន្លងទៅក្នុងភាពស្និតស្នាលនាងរមែងអាចឆ្លងដល់ថ្ងៃសំពះផ្ចឹមតែគ្រប់លើកចំនងស្នេហ៍របស់នាងច្រើនតែដើរដល់ផ្លូវបំបែក ទើបធ្វើឲ្យតារាស្រស់ផូផង់កំពុងតែមានយីអ៊ុនក្នុងវិថីសិល្បៈនេះចាត់ទុកបញ្ហាស្នេហាជារឿងទី២បន្ទាប់ពីការងាររកស៊ីផ្ទាល់ខ្លួនរហូតត្រូវបានអ្នកនិយមតាមដានពីជីវិតក្រៅឆាករបស់សូដា នីតាម្នាក់ៗគិតថាប្រហែលជានាងបៀមទុក្ខស្នេហាបរាជ័យច្រើនពេកទេដឹងបានជាធ្វើអារម្មណ៍ធម្មតា រហូតមកទល់ពេលនេះនាងមិនទាន់គិតគូផ្លូវជីវិតគ្រួសារដូចតារាស្រីមួយចំនួន។
សូដា នីតាបានចាត់ទុកស្នេហាជារឿងព្រេងសំណាងដោយនាងបានបញ្ជាក់ជូនថានាងទុកបញ្ហាផ្លូវចិត្តនេះជារឿងទី២ហើយអាជីពសិល្បៈជាជំហានទី១ដោយសារនាងមិនចេះតែគិតឃើញភ្លាមកំណត់អត្តសញ្ញាណស្នេហាថាសំខាន់បាននោះទេព្រោះផ្លូវស្នេហាដែលជាអនាគតសំខាន់របស់បុគ្គលម្នាក់ៗមិនចេះតែដើរចូលហើយញញឹមក្រាបក្បាលដល់កន្ទេលបានឡើយគឺត្រូវគិតគូរឿងការរិះគិតល្អិតល្អន់ណាស់មុននិងសម្រេចពីបញ្ហានេះ។
តារាដែលក្តាប់បានការងារសិល្បៈច្រើនតាំងពីសម្តែងពិធីការិនីច្រៀងនិងដើរម៉ូដរូបនេះបានទម្លាយទៀតថាបើការហើយស្រាប់តែម្ខាងៗមិនចុះសម្រុងគ្នាបែរខ្នងដាក់គ្នាតើអ្នកណាជាអ្នកខាតបង់ច្បាស់ជាខាងស្រីទទួលថ្មបាក់លើសខាងប្រុសជាក់ជាមិនខានព្រោះមនុស្សប្រុសទោះជាយ៉ាងណាក៍នៅតែជាមាសទឹកដប់បើមនុស្សស្រីវិញមិនអាចទេតែខូចខាតហើយកែក៍មិនបានហើយចំណាយមាត់អ្នកផងថែមទៀតទើបនាងចេះតែព្រងើយកន្តើយពីករណីផ្លូវនេះគិតតែពីរឿងផ្ទាល់ខ្លួននៅចំពោះមុខមានក្នុងពេលបច្ចុប្បន្នសិនស្នេហាទុកឲ្យវាសនាសម្រេចចុះពេលណាពេលហ្នឹងទៅកុំខ្វល់។
សូដា នីតាបានដាក់បញ្ហានេះមកទំលើផ្លូវការងារជាគោលព្រោះនាងបានបញ្ជាក់បន្ថែមថារៀបការម្តេចនិងបានបើមួយថ្ងៃៗនាងនៅតែក្រៅផ្ទះចេញថតទីនេះទីនោះគ្រប់ច្រកឡើងចង់វិលមុខបុរសណាគេទ្រាំទទួលយើងដែលងាកបាត់ៗពីផ្ទះនោះទើបនាងមិនចង់ឲ្យមានអ្នកណាលំបាកជាមួយសុខចិត្តរវល់ម្នាក់ឯងល្អជាងណាមួយមិនសូវខ្លាចចិត្តគ្នា៕ ស.រ/Cambodia News