បេសកជនអាមេរិកនឹងទៅកូរ៉េខាងជើងថ្ងៃសុក្រ សុំអោយដោះលែងអ្នកទោសអាមេរិកមួយរូប
នៅថ្ងៃសុក្រចុងសប្តាហ៍នេះ លោក Robert King បេសកជនរដ្ឋាភិបាលអាមេរិកទទួលបន្ទុកសំណុំរឿងសិទ្ធិមនុស្ស នឹងធ្វើដំណើរទៅកូរ៉េខាងជើង ដើម្បីសុំអោយរដ្ឋាភិបាលក្រុងព្យុងយ៉ាងដោះលែងអ្នកទោសអាមេរិក ដើមកំណើតកូរ៉េ មួយរូប ឈ្មោះថា Kenneth Bae អោយមានសេរីភាពឡើងវិញ។ អ្នកទោសអាមេរិកអាយុ៤៥ឆ្នាំរូបនេះកំពុងតែប្រឈមនឹងបញ្ហាសុខភាព ដុនដាបធ្ងន់ធ្ងរ។
គួររំលឹកថា កាលពីខែដើមឆ្នាំ២០១២កន្លងទៅ អាជ្ញាធរកូរ៉េខាងជើងបានចាប់ខ្លួនលោក Kenneth Bae ដែលមាននាមជាភ្នាក់ងារទេសចរអាមេរិកមួយរូប ហើយបានដាក់ទោសលោកអោយធ្វើការជាទំងន់រយៈពេល១៥ឆ្នាំ ក្នុងបទជាប់ចោទថាបានធ្វើសកម្មភាពប្រឆាំងកូរ៉េខាងជើង។ ប៉ុន្តែ ក្រុងព្យុងយ៉ាងមិនបានបញ្ជាក់អោយបានប្រាកដទេថា តើសកម្មភាពប្រឆាំងរបស់លោក Kenneth Bae នោះ ជាអ្វីទៅ។ កាលពីប៉ុន្មានសប្តាហ៍មុន លោក Bae ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែសុខភាពលោកធ្លាក់ចុះដុនដាបខ្លាំង។
ក្រសួងការពារ ជាតិអាមេរិក បានប្រាប់ថា បេសកកម្មរបស់លោក Robert King នៅថ្ងៃសុក្រទី៣០សីហា ខាងមុខនេះ ជាបេសកម្មបែបផែនមនុស្សធម៌។ លោក Robert King នឹងសុំអោយរដ្ឋាភិបាលកូរ៉េខាងជើង លើកលែងទោសដល់លោក Bae អោយលោកទទួលបានសេរីភាពជួបជុំគ្រួសារ និងអាចទទួលបានការព្យាបាលសុខភាពលោកឡើងវិញ។ សេតវិមានក៏បានជំរុញអោយរដ្ឋាភិបាលក្រុងព្យុងយ៉ាង ផ្តល់ការលើកលែងទោសពិសេសដល់អ្នកទោសអាមេរិករូបនេះផងដែរ អោយបាន ត្រលប់ទៅអាមេរិកវិញ ជាមួយលោក Robert King។
អាមេរិកធ្លាប់បានបញ្ជូនបេសកជនខ្លួនច្រើនរូបទៅកូរ៉េខាងជើងរួចមកហើយ ក្នុងនោះមានដូចជា អតីត ប្រធានាធិបតី ជីមី ខាថឺ ដើម្បីសុំអោយក្រុងព្យុងយ៉ាងដោះលែងអ្នកទោសអាមេរិកនានាដែលជាប់ឃុំ នៅទីនោះ។
ដោយឡែក បេសកជនទទួលបន្ទុកសំណុំរឿងសិទ្ធិមនុស្ស Robert King ដែលត្រូវធ្វើដំណើរទៅកូរ៉េខាងជើង នៅថ្ងៃសុក្រនេះ មានវត្តមាននៅអាស៊ីភាគឥសាន តាំងតែពីថ្ងៃ១៩សីហាម្ល៉េះ។ លោកបានឈានជើងទៅចិន កូរ៉េខាងត្បូង និងជប៉ុន រួចហើយ ក្នុងក្របខណ្ឌកិច្ចការទូតអាមេរិកទាក់ទងនឹងសំណុំរឿងកូរ៉េខាងជើង។ អាមេរិកធ្លាប់បានប្រាប់កាលពីខែមិថុនាកន្លងទៅថា ខ្លួននឹងផ្តោតការយកចិត្តទុកដាក់លើសំណុំរឿងសិទ្ធិមនុស្សនៅ កូរ៉េខាងជើង៕ដោយ ព្រំ សឿន សូលីណា (RFI)