ចិន ជំរុញឲ្យកម្ពុជា ដោះស្រាយបញ្ហាបោះឆ្នោត ដោយសន្តិវិធី
ភ្នំពេញ៖ នៅក្នុងដំណើរទស្សនកិច្ចមកកាន់ កម្ពុជា លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបាន លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសំដែងការគួរសមនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី ២១ខែសីហានេះ។
នៅក្នុងជំនួបជាង ២ ម៉ោង ចាប់ពីម៉ោង ៩ ព្រឹកនេះ រវាងលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន និងចិនរដ្ឋមន្ត្រីការបរទេសចិន ក៏ត្រូវបានលោក ប្រាក់ សុខុន បានបញ្ជាក់ទៅកាន់អ្នកកាសែតថា ចិនបានសាទរនូវការបោះឆ្នោត ដែលគណបក្សប្រជាជនកម្ពុជា បានឈ្នះកៅអីភាគច្រើន នៅក្នុងរដ្ឋសភា។
ក្នុងនោះ ចិនមើលឃើញពីការប្រសើរលើសភាពការណ៍បោះឆ្នោត ហើយចិនបានជំរុញឲ្យកម្ពុជា ដោះស្រាយបញ្ហាបោះឆ្នោត ដោយសន្តិវិធី តាមរយៈការជជែកចរចា រកច្រកចេញពីវិបត្តិក្រោយការបោះឆ្នោត។
ជាមួយគ្នានោះ លោក ហ៊ុនសែន ក៏បានបញ្ជាក់ជំហរទៅកាន់រដ្ឋមន្ត្រីការបរទេសចិនថា ជំហររបស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណបក្សប្រជាជនកម្ពុជា គ្មានអ្វីផ្លាស់ប្តូរទេ នោះគឺកិច្ចប្រជុំរដ្ឋសភាលើកដំបូង ក្រោយការបោះឆ្នោតយ៉ាងយូរ ៦០ថ្ងៃ គិតចាប់ពីថ្ងៃទី២៨កក្កដា ឆ្នាំ២០១៣ និងការបង្កើតរដ្ឋាភិបាល នឹងប្រព្រឹត្តទៅដូចការគ្រោងទុក ដោយគ្មានការជាប់គាំងនយោបាយអ្វីឡើយ៕ Cambodia News