វីត វីត ប្រកាសលក់ផ្ទះត្រៀមសាងអនាគតជាមួយបុរសនៅអូស្ត្រាលី
ភ្នំពេញ៖ តារាបង្ហាញម៉ូត និងជាពិធីការិនីដែលកំពុងឡើងកូដនៅក្នុងស្ថានីយទូរទស្សន៍អប្សរា នាង វីត វីត បានប្រកាសលក់ផ្ទះល្វែងរបស់នាងនៅក្នុងទីក្រុងភ្នំពេញ ដើម្បីត្រៀមកសាងសុភមង្គលគ្រួសារជាមួយបុរសអណិកជននៅប្រទេសអូស្ត្រាលី។
ការប្រកាសលក់ផ្ទះយ៉ាងទាន់ហន់របស់ពីធីការិនីរូបនេះបានកើតឡើងក្រោយពេលដែលនាងទើបតែវិលត្រឡប់ពីការដើរលែងកំសាន្តនៅក្នុងប្រទេសអូស្ត្រាលី ដែលជាទឹកដីគូស្នេហ៍របស់នាងកំពុងរស់នៅ។
ពិធីការិនីមុខដូចកូនកាត់រូបនេះត្រូវបានគេដាក់ការសង្ស័យជាយូរមកហើយចំពោះទំនាក់ទំនងរវាងនាងនិងបុរសអណិកជននៅអូស្ត្រាលីម្នាក់នោះ បន្ទាប់ពីនាងឧស្សាហ៍ជិះយន្តហោះទៅស្កាត់ជួបគ្នាជាញឹកញាប់ ដើម្បីបង្កើនភាពស្និតស្នាលឲ្យកាន់តែខ្លាំង។
នៅទីបំផុតភាពសង្ស័យនេះបានចេញជារូបរាងឡើង បន្ទាប់ពីតារារូបនេះបានប្រកាសលក់ផ្ទះល្វែងរបស់នាងដែលបានទិញអស់រយះពេលជិត២ឆ្នាំមក ដើម្បីត្រៀមខ្លួនវេចបង្វេចខោអាវចេញទៅសាងអនាគតនៅក្នុងទឹកដីប្រទេសដ៏ស៊ីវិល័យមួយនេះ ។
តារាដែលមានប្រភពចេញពីអ្នកដើរម៉ូតរូបនេះបានអះអាងថា នាងពិតជាបានប្រកាសលក់ផ្ទះជាបន្ទាន់មែន ដោយសារតែនាងត្រូវចេញទៅរស់នៅក្រៅប្រទេសនៅក្នុងពេលឆាប់ៗខាងមុខនេះ។ នាងបញ្ជាក់ថា ផ្ទះល្វែងដែលនាងលក់នេះមានទីតាំងនៅក្នុងបុរីពិភពថ្មី រាជធានីភ្នំពេញ ដែលនាងបានដាក់លក់ក្នុងតម្លៃជិត៨ម៉ឺនដុល្លារអាមេរិក។ផ្ទះល្វែងមួយជុងនេះនាងបានទិញជិត២ឆ្នាំមកហើយ ហើយមូលហេតុដែលនាងដាក់លក់នេះគឺដោយសារតែនាងត្រូវចេញទៅកសាងជីវិតគ្រួសារនៅក្នុងប្រទេសអូស្ត្រាលីក្នុងរយះពេលដ៏ខ្លីខាងមុខនេះ។
ទោះជាយ៉ាងណាតារាសម្តែងនិងពិធីការិនីរាងតូចច្រឡឹងរូបនេះមិនបានបញ្ជាក់អំពីអត្តសញ្ញាណគូស្នេហ៍របស់នាងនៅក្នុងប្រទេសអូស្ត្រាលីនោះឡើយ ដោយនាងបានអះអាងថារឿងមួយនេះនាងសុំលាក់សិន។
បើទោះបីជាវីត វីត ហាក់នៅមានការស្ទាក់ស្ទើរនៅក្នុងការបង្ហាញពីអត្តសញ្ញាណគូស្នេហ៍របស់នាងនៅឯនាយសមុទ្រនោះក៍ដោយ ប៉ុន្តែយ៉ាងណាចំណងស្នេហ៍ឆ្លងសមុទ្ររបស់នាងពិតជាបានដល់ត្រើយ ទើបនាងសម្រេចលក់ផ្ទះទាំងរហន់ និងអាចបញ្ចប់អាជីពសិល្បះត្រឹមពាក់កណ្តាលទី។
វីត វីត និយាយថា អាជីពសិល្បះនាងពិតជាស្រឡាញ់ និងមានការសោកស្តាយនៅពេលដែលនាងនឹងត្រូវបញ្ចប់វាត្រឹមនេះ ប៉ុន្តែបញ្ហាអនាគតគ្មានអ្នកណាមួយមិនអាចគិតបានឡើយ ហេតុដូចនេះចង់មិនចង់នាងត្រូវតែធ្វើការសម្រេចយ៉ាងដូច្នេះ។
ទោះជាយ៉ាងពេលវេលាកំណត់សម្រាប់ការស្ពាយសំពាយជិះយន្តហោះឆ្លងសមុទ្រចេញដំណើរទៅកសាងសុភមង្គលគ្រួសារនៅក្នុងទឹកដីស៊ីវិល័យមួយនេះមិនត្រូវបានពិធីការិនីរូបនេះបញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយទេ គ្រាន់តែអះអាងដោយខ្លីថាវានឹងមកដល់ក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។
គួរំលឹកថា វីត វីត បានឈានជើងចូលក្នុងពិភពសិល្បៈ នៅឆ្នាំ២០០៥ ដែលដំបូងឡើយនាងមានអាជីពជាតារាបង្ហាញម៉ូដធម្មតា តែក្រោយមកតារារូបនេះបានប្រែក្លាយពីអ្នកបង្ហាញម៉ូដទៅជាពិធីការិនី។ មូលហេតុដែលនាំឲ្យនាងចូលប្រឡូកក្នុងសិល្បៈ ដោយសារតែនាងមាននិស្ស័យតាំងពីតូច។ដោយមានការជួយជ្រោមជ្រែងពីអ៊ំនោះ នាងបានថតសម្ដែងរឿងមួយគឺរឿង ព្រំដែនដួងចិត្ត។ ក្រោយពីថតរឿងនោះ វីត វីត បានផ្អាកពីសិល្បៈមួយរយៈ។
បន្ទាប់មកទៀតនាងបានចូលរួមដើរម៉ូដក្នុងក្លឹបសាពណ៌។ ការដើរម៉ូដនៅទីនោះយូរៗទៅត្រូវ បានអ្នកនាងយុគ ចិន្ដា នាំនាងទៅធ្វើជាពិធីការិនី នៅប៉ុស្តិ៍ CTN ដោយបម្រើការងារជាពិធីការិនីក្នុងកម្មវិធី A1 Concert ដែលនេះជាការងារដំបូងសម្រាប់នាងជាពិធីការិនី។
ក្នុងឆ្នាំនេះហើយដែលនាងទទួលនូវការគាំទ្រជាខ្លាំងពីសំណាក់ ប្រិយមិត្ត និងមិត្តយុវវ័យ។ បន្ទាប់មកនៅឆ្នាំ២០០៩ តារារូបនេះបានចូលបម្រើការងារក្នុងស្ថានីយទូរទស្សន៍ជាតិវិញម្ដងដោយនាងបានកាន់កម្មវិធី ជីវិតនិងតារាចម្រៀង។ចុងក្រោយនាងបានមកទើនៅត្រឹមស្ថានីយទូរទស្សន៍អប្សរានៅក្នុងកម្មវិធី Apsara Award និងកម្មវិធីប្រស្នាតារា ដែលគ្រប់គ្រងកម្មវិធីដោយលោក ហ្វៃ សំអាង៕ ស.រ/Cambodia News