សេដ្ឋកិច្ច​នៃ​តំបន់​ចាយលុយ​អឺរ៉ូ​កំពុង​ងើបចេញ​ពី​វិបត្តិ

តួលេខ ​របស់ Eurostat ចេញ​ផ្សាយ​ កាល​ពីថ្ងៃ​អង្គារ​ បង្ហាញ​ថា វិស័យ​ឧស្សហកម្ម ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ ដែល​បាន​ធ្លាក់ចុះ​ជា​បន្ត​បន្ទាប់​ជាច្រើន​ខែ​មក​ហើយ​នោះ បាន​ចាប់ផ្តើម​មាន​កំណើន​ឡើងវិញ កាល​ពី​ខែ​មិថុនា​កន្លងទៅ។ តូលេខ​ស្តីពី​វិស័យ​ឧស្សាហកម្ម​នេះ​ត្រូវ​បាន​ចេញផ្សាយ​មួយថ្ងៃ មុន​តួលេខ​ស្តីពី​កំណើន​សេដ្ឋកិច្ច ដែល​ត្រូវ​ចេញផ្សាយ នៅថ្ងៃ​ពុធនេះ។ គេ​រំពឹង​ថា កំណើន​សេដ្ឋកិច្ច​នៃ​តំបន់​ចាយលុយ​អឺរ៉ូ​ក៏ប្រហែល​ជា​មាន​អត្រា​កើនឡើង​ដែរ។

អស់រយៈពេល ​ជាច្រើន​ខែមកហើយ ដែល​​វិស័យ​ឧស្សាហកម្ម​ក្នុង​តំបន់ចាយលុយ​​អឺរ៉ូ​ មាន​ការ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់។ កាលពីខែឧសភា​កន្លងទៅ សកម្មភាព​ផលិតកម្ម​ក្នុង​តំបន់​នេះ ធ្លាក់ចុះ ០,២% ហើយ​គេ​បាន​ព្យាករ​ថា វា​នឹង​បន្ត​ធ្លាក់ចុះ ០,៣%​ទៀត នៅ​ខែ​មិថុនា។ ក៏ប៉ុន្តែ នៅទីបំផុត​ទៅ តួលេខ​ផ្លូវការ​បង្ហាញ​ថា វិស័យ​ឧស្សាហកម្ម​​បែរ​ជា​បាន​កើនឡើង​ទៅវិញ នៅ​ក្នុង​ខែមិថុនា​នេះ។

បើ​គិត​តាម​ប្រទេស​នីមួយៗ គេ​សង្កេតឃើញ​ថា កំណើន​ផលិតកម្ម​​ ដែល​មាន​កម្រិត​ខ្ពស់​ជាងគេ គឺ​មាន​នៅ​ក្នុង​ប្រទេស​អៀរឡង់ (៨,៧%) ហើយ​អាល្លឺម៉ង់ និង​ក្រិក មាន​កំណើន​ ២,៥%។ ផ្ទុយទៅវិញ វិស័យ​ឧស្សាហកម្ម នៅ​ក្នុង​ប្រទេស​ចាយលុយ​អឺរ៉ូ​ខ្លះ​ទៀត នៅតែ​បន្ត​ ​ធ្លាក់​ចុះ​ ដូចជា នៅ​ហូឡង់ (-៤,១%) ព័រទុយហ្កាល់ (-២,៨%) និង​បារាំង (-១,៥%)។ ក៏ប៉ុន្តែ បើ​គិត​ជា​មធ្យម នៅ​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ​ទាំងមូល ផលិតកម្ម នៅ​ក្នុង​ខែ​មិថុនា​នេះ បាន​​​កើនឡើង​រហូតដល់​ទៅ ០,៧% ដែល​ជា​កំណើន​មួយ​ខ្ពស់​ហួស​ពី​ការស្មាន។

តួលេខ​នៃ​វិស័យ​ឧស្សាហកម្ម​នេះ​ត្រូវ​បាន​ចេញផ្សាយ​មួយថ្ងៃ​មុន​ តួលេខ​ស្តីពី​ផលិតផល​ក្នុង​ស្រុក​សរុប ដែល​ត្រូវ​ចេញផ្សាយ នៅថ្ងៃ​ពុធ​នេះ។ គេ​រំពឹង​ថា ផលិតផល​ក្នុងស្រុក​សរុប​ នៃ​តំបន់​ចាយលុយ​អឺរ៉ូ ក៏​ប្រហែល​ជាមាន​ការ​កើនឡើង​ដែរ សម្រាប់​ត្រីមាស​ទី២​នេះ បន្ទាប់​ពី​មាន​ការ​កើនឡើង ០,២% កាល​ពី​ត្រីមាស​ទី១​កន្លងទៅ។

អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច​ជាច្រើន​បាន​អះអាង​ថា គ្រប់​តួលេខ​ទាំងអស់​សុទ្ធតែ​បង្ហាញ​ថា អឺរ៉ុប​កំពុង​តែ​ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​ជា​វិជ្ជមាន​មួយ។ តួលេខ​ដែល​គួរ​ឲ្យ​គេ​មាន​សុទិដ្ឋិនិយម​មួយ​ទៀត គឺ​ចំនួន​អ្នក​អត់ការងារ​ធ្វើ នៅ​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ ដែល​បាន​ធ្លាក់​ចុះ​ជាលើកទីមួយ ចាប់តាំង​ពី​ខែ​មេសា ឆ្នាំ​២០១១​មក។

តួលេខ​ជា​វិជ្ជមាន​អស់ទាំងនេះ​បាន​ធ្វើ​ឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ មាន​ការ​កើនឡើង​ស្ទើរតែ​គ្រប់​កន្លែង នៅ​អឺរ៉ុប កាល​ពី​ថ្ងៃ​អង្គារ។ តម្លៃ​លុយ​អឺរ៉ូ​វិញ​ក៏​មាន​ការ​កើនឡើង​ដែរ បើធៀប​នឹង​លុយ​ដុល្លារ​អាមេរិក។

ក៏ប៉ុន្តែ ទោះជា​យ៉ាងណា អ្នក​​ជំនាញ​ខាង​សេដ្ឋកិច្ច​ក៏​បាន​បង្ហាញ​នូវ​ភាព​ប្រយ័ត្ន​ប្រយែង​ផងដែរ​ ថា ថ្វីដ្បិត​តែ​​​​តំបន់​ចាយលុយ​អឺរ៉ូ​កំពុង​​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ច្រកចេញ ​នៃ​វិបត្តិ​សេដ្ឋកិច្ច​ ក៏ប៉ុន្តែ ​មិនមែន​មានន័យថា បាន​​ចេញ​ផុត​ពី​វិបត្តិ​​ហើយ​នោះ​ទេ។ គេ​ព្យាករ​ថា បើ​គិត​ជា​អត្រា​ប្រចាំ​ឆ្នាំ សេដ្ឋកិច្ច​នៃ​តំបន់​ចាយលុយ​អឺរ៉ូ នឹង​នៅតែ​ធ្លាក់ចុះ​ដដែល​ ក្នុង​ឆ្នាំ​២០១៣​នេះ​ មុននឹង​អាច​កើនឡើង នៅ​ឆ្នាំ​២០១៤៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close