រដ្ឋមន្ត្រីពាណិជ្ជកម្ម ព្រមានថា ការធ្វើបាតុកម្ម អាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ច
ភ្នំពេញ៖ ថ្លែងក្រោយពិធីសម្ពោធ“ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជា អន្តរជាតិ ២០១៣”និង“ពិព័រណ៍ឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌកម្ពុជាអន្តរជាតិ២០១៣” នៅព្រឹកថ្ងៃទី៨ ខែសីហានៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា «បើគេចង់បំផ្លាញសេដ្ឋកិច្ច គេត្រូវធ្វើបាតុកម្មឲ្យច្រើន»។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ មានប្រសាសន៍បែបនេះគឺ ចង់បញ្ឈឺទៅអោយ លោក សម រង្ស៊ី ដែលបានគំរាមធ្វើមហាបាតុកម្ម ប្រឆាំងនឹងលទ្ធផលបោះឆ្នោត។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា អ្នកដែលទាមទារធ្វើបាតុកម្ម គាត់អត់គិតពីផលបច្ច័យ ពីបាតុកម្មទេ បើសិនជាបាតុកម្មនោះលែងអាចគ្រប់គ្រងបាន (បែក) មនុស្សចូលប្លន់តាមហាង ចំណែកប្រជាជនយើងមានការភ័យខ្លាច។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបន្តថា គោលការណ៍មានហើយ។ រាជរដ្ឋាភិបាលចង់ឲ្យស្ថេរភាព អំពាវនាវឲ្យមានដោះស្រាយដោយសន្តិវិធី ព្រះករុណា ក៏ទ្រង់អំពាវនាវដល់ប្រជាជនខ្មែរទាំងអស់៕ នាង/Cambodia News