សិស្សសាលាឥណ្ឌាស្លាប់ដោយសារបរិភោគអាហារមានដាក់ប្រេងលាយថ្នាំសំលាប់សត្វល្អិត
នៅថ្ងៃសៅរ៍ម្សិលមិញនេះ របាយការណ៍ពេទ្យឥណ្ឌាបានបង្ហាញថា បានរកឃើញថ្នាំសំលាប់សត្វល្អិតលាយនៅក្នុងប្រេងដែលប្រើចំអិនអាហារ អោយសិស្សសាលាតូចៗ ដែលបានពុលស្លាប់ កាលពីដើមសប្តាហ៍។ គួររំលឹកថា កាលពីថ្ងៃអង្គារកន្លងមក នៅសាលាបឋមសិក្សាមួយកន្លែង នៅភាគខាងកើតប្រទេស សិស្សសាលាតូចៗចំនួន២៣នាក់ បានពុលស្លាប់បន្ទាប់ពីបានបរិភោគអាហារសាលារួចមក។ នាយិកាសាលាបានរត់គេចខ្លួនបាត់។ កាលពីថ្ងៃសុក្រ ឪពុកម្តាយកុមារដែលស្លាប់ទាំងនោះ បាននាំគ្នាវាយបំផ្លាញអគារជាច្រើន ទាមទារយុត្តិធម៌អោយកូនៗពួកគេ។
យោង តាមរបាយការណ៍ចេញដោយវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ មួយកន្លែង នៅឥណ្ឌា អាហារមានសណ្តែកបាយ ដំឡូងបារាំង និងបាយ ដែលសាលាបឋមសិក្សា Bihar នៅភាគខាងកើតឥណ្ឌា រៀបចំអោយសិស្សតូចៗបរិភោគ កាលពីថ្ងៃអង្គារកន្លងមកនេះ មានប្រើប្រេងចំអិនដែលលាយជាមួយថ្នាំបំពុលសត្វល្អិត។ អ្នកស្រាវជ្រាវបានរកឃើញថា កម្រិតជាតិពុលក្នុងថ្នាំបំពុលដែលលាយក្នុងប្រេងនេះ មានជាង៥ដងលើសពីកម្រិតជាតិពុលក្នុងថ្នាំបំពុលសត្វល្អិតលក់នៅ តាមទីផ្សារ។
គួររំលឹកថា សិស្សសាលា២៣នាក់ នៅភូមិ Gandaman បានពុលអាហារស្លាប់ កាលពីថ្ងៃអង្គារកន្លងមក ហើយសិស្សសាលា២៤នាក់ និងចុងភៅសាលាម្នាក់ទៀត ដែលពុលអាហារដែរនោះ កំពុងសំរាកនៅមន្ទីរពេទ្យនៅឡើយ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ បន្ទាប់ពីមានហេតុការណ៍ពុលនោះមក នាយិកាសាលាបានរត់គេចខ្លួនបាត់។
នៅក្នុងផ្ទះនាយិកាសាលា ប៉ូលិសបានរកឃើញថង់ថ្នាំសម្លាប់សត្វល្អិត ជាច្រើន ដាក់នៅក្បែរដំឡូងបារាំង និងអង្ករ។ ប៉ូលិសបានអង្កេតដើម្បីសន្និដ្ឋានថា ហេតុអ្វីបានជាថ្នាំនេះអាចនឹងលាយចូលទៅក្នុងប្រេងឆា កើត។
សាលាបឋមសិក្សាដែលមានហេតុការណ៍ពុលនេះ មានផ្តល់អាហារឥតគិតថ្លៃមួយពេល ដល់សិស្សដែលភាគច្រើនមកពីគ្រួសារក្រីក្រ។ ហើយសិស្សក្រីក្រទាំងនេះ បរិភោគអាហារតែមួយពេលប៉ុណ្ណោះ ក្នុងមួយថ្ងៃ៕ដោយ ព្រំ សឿន សូលីណា (RFI)