បទវិភាគ​៖​ការទូត​ប្រមុខរដ្ឋ​ចង្អុល​បង្ហាញ​ទិសដៅ ​ទំនាក់ទំនង​ចិន-អា​មេ​រិក​ទន្ទឹងរង់ចាំ​ “ការចាប់ផ្តើម​ថ្មីនៅ​ក្រុងប៉េកាំង”​

 Cambodia News
 
តបតាម​ការអញ្ជើញ​របស់លោក ​Xi ​Jinping ​ប្រធានរដ្ឋចិន ​លោកត្រាំ ​ប្រធានាធិបតី​អា​មេ​រិក​នឹង​បំពេញទស្សនកិច្ច​ផ្លូវរដ្ឋនៅ​ប្រទេសចិន​ចាប់​ពីថ្ងៃទី១៣​ដល់ថ្ងៃទី១៥​ខែឧសភានេះ ។ ​ប្រ​មុខរដ្ឋនៃប្រទេស​ទាំងពីរ​នឹងផ្លាស់ប្តូរ​មតិ​យោបល់​យ៉ាងស៊ីជម្រៅ​អំពី​បញ្ហាសំខាន់ៗ​ដែល​ពាក់​ព័ន្ធ​នឹង​ទំនាក់ទំនង​ចិន-អាមេរិក ​ព្រមទាំង​សន្តិភាពនិង​ការអភិវឌ្ឍ​របស់​ពិភពលោក ។ ​មុន​ពេល​ចេញដំណើរ ​លោកប្រធានាធិបតីត្រាំ​បាន​បង្ហោះសារ​តាមបណ្តាញ​ទំនាក់ទំនង​សង្គ​ម​ថា ​លោករំពឹងទុក​យ៉ាងខ្លាំង​ចំពោះ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេសចិន​លើកនេះ ។

ក្នុងនាមជា​ទំនាក់ទំនងទ្វេភាគី​ដ៏សំខាន់បំផុតមួយ​នៅ​លើ​ពិភពលោក​បច្ចុប្បន្ន ​​ទំនាក់​ទំ​ន​ង​ចិន-អាមេរិកមាន​ភាពល្អប្រសើរ​ឬអត់ ​វា​នឹងជះឥទ្ធិពល​ដោយ​ផ្ទាល់​ដល់​ស្ថិរភាព​ពិភព​លោ​ក ​។ ​សហគមន៍​អន្តរជាតិ​បានរំពឹងទុក​ជាទូទៅថា ​កិច្ចជំនួប​រវាងថ្នាក់ដឹកនាំ​ចិន​និង​អា​មេ​រិក​នឹង​បន្តណែ​នាំ​នាវាយក្សនៃ​ទំនាក់ទំនង​ចិន-អាមេរិក​ឱ្យឆ្ពោះទៅមុខដោយ​នឹងនរ ​ធ្វើ​ឱ្យ​ប្រទេស​ទាំងពីរ​ក្លាយជា​ដៃគូនិង​មិត្តភក្តិ ដើម្បីនាំមក​នូវក្តីរំពឹងទុក​ប្រកបដោយ​ស្ថិរភាព​ដល់​ពិភពលោក ។ ជា​និច្ចកាល ការទូត​ប្រមុខរដ្ឋ​តែងតែជា​យុថ្កា​សម្រាប់​លំនឹង​ទំនាក់ទំនង​ចិន-អាមេរិក ។ ​

ចាប់​តាំងពី​លោកត្រាំ​ជាប់ឆ្នោត​ជាប្រធានាធិបតី​អាមេរិក​ម្តងទៀតមក​ ​ប្រមុខរដ្ឋនៃ​ប្រ​ទេស​ទាំង​ពីរ​ចិននិងអាមេរិក​បានធ្វើ​អន្តរកម្ម​​ដ៏សំខាន់​ចំនួន៧លើក​ ដែលជំរុញ​ទំនាក់ទំនង​ចិន​-​អា​មេរិក​ឱ្យសម្រេច​បាននូវ​ស្ថិរភាព​ជាទូទៅ ។

គួរបញ្ជាក់ថា ​បើ​ចង់​រក្សា​ឱ្យនាវាយក្សនៃ​ទំនាក់ទំនង​ចិន-អាមេរិក​​ឆ្ពោះទៅមុខ​ដោយ​នឹង​នរ ​នោះ បញ្ហា​ដ៏​សំខាន់បំផុត​​គឺត្រូវដោះស្រាយ​បញ្ហាតៃវ៉ាន់​ឱ្យបានល្អ ។ ​នេះជាបញ្ហា​សំ​ខា​ន់​បំផុតក្នុង​​ទំនាក់ទំនង​ចិន-អាមេរិក ​ហើយក៏ជា​ចំណុច​ហានិភ័យ​ដ៏ធំបំផុត​ក្នុង​​ទំនាក់ទំនង​ចិន​-អាមេរិក​ផងដែរ ។ ​ភាគីអាមេរិក​គួរតែ​យល់ថា ​តំបន់តៃវ៉ាន់ជា​ទឹកដីរបស់​ប្រទេសចិន ​​ភា​គី​ចិន​ចាំបាច់ត្រូវ​គាំពារអធិបតេយ្យភាព​និងបូរណភាព​ដែនដីជាតិ​ ដោយ​មិន​អនុញ្ញាតឱ្យ​តំប​ន់​តៃវ៉ាន់​ត្រូវ​បំបែកចេញ​ជាដាច់ខាត​ឡើយ ។ ​ភាគីអាមេរិក​ត្រូវតែ​ដោះស្រាយ​បញ្ហា​លក់​អាវុធ​ឱ្យតំបន់​តៃវ៉ាន់យ៉ាង​មធ្យ័ត ។

ក្នុងនាមជា​អង្គភាព​សេដ្ឋកិច្ចធំទាំងពីរ​​លើទូទាំង​ពិភពលោក ​ទំហំសេដ្ឋកិច្ច​សរុប​របស់​ចិន​និងអាមេរិក​មាន​ចំនួនលើសពី​មួយភាគបីនៃ​ទូទាំង​ពិភពលោក ​ហើយទំហំ​ពាណិជ្ជកម្ម​ទំនិ​ញ​​ប្រហែលត្រូវជា​មួយភាគប្រាំ​នៃពិភពលោក​ទាំង​មូល ។ ​សហគមន៍​អន្តរជាតិ​រំពឹងថា ​កិច្ច​សហប្រតិបត្តិការ​ផ្នែកសេដ្ឋកិច្ច​និងពាណិជ្ជកម្ម​​អាចបន្ត​ក្លាយជា​ឧបករណ៍​ជំរុញ​និង​ជា​យុថ្កា​សម្រាប់​លំនឹង​នាវា​នៃ​ទំនាក់ទំនង​ចិន-អាមេរិក​ ដើម្បី​ធ្វើឱ្យ​សេដ្ឋកិច្ច​ពិភពលោក​មាន​ទំនុក​ចិត្ត ។

តាម​លទ្ធផលស្ទង់មតិ​ដែលប្រកាស​​ដោយសភា​ពាណិជ្ជកម្ម​អាមេរិកនៅចិន​នៅខែ​មករា​ឆ្នាំ​នេះ​ឱ្យដឹងថា ​​សហគ្រាសទុន​អាមេរិក​ចំនួនជិត​៦០ភាគរយ​ដែល​ចូលរួម​ការស្ទង់មតិ​មាន​ផែន​ការ​បង្កើន​ការវិនិយោគ​នៅ​ប្រទេសចិន ​។ ​តាម​ការទម្លាយ​របស់​ប្រព័ន្ធ​សារព័ត៌មាន​អា​មេ​រិក​ឱ្យដឹងថា ​​ នឹងមាន​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​របស់ក្រុមហ៊ុន​អាមេរិក​អមដំណើរ​ទស្សន​កិច្ច​របស់​លោកប្រធានាធិបតី​ត្រាំនៅប្រទេសចិន​លើកនេះ​ ​។ ​អ្នកផង​ទាំងពួងបាន​រំពឹងទុក​ចិន​និងអាមេរិក​អាច​ដើរស្របតាម​ទិសដៅ​ជាមួយគ្នា ​​កាត់​បន្ថយ​បញ្ជីបញ្ហាជា​បន្តបន្ទាប់ ​និង​ធ្វើ​ឱ្យ​​បញ្ជី​កិច្ចសហប្រតិបត្តិការ​កាន់តែច្រើន ​ដើម្បី​លំនឹងស្ថានភាព​ទូទៅនៃ​សេដ្ឋកិច្ច​សកល​។

បើ​និយាយ​ចំពោះ​ប្រទេស​ទាំងពីរ​ចិននិងសហរដ្ឋអាមេរិក ​ឆ្នាំ២០២៦គឺ​ជាឆ្នាំ​មិន​ធម្មតា​ទេ​។​ ​ចិនចាប់ផ្តើម​អនុវត្ត​“ផែនការ​អភិវឌ្ឍន៍​ជាតិ៥ឆ្នាំ​ទី១៥” ​ហើយ​សហរដ្ឋអាមេរិក​នឹងអបអរ​​ខួប​ទី​២៥០ឆ្នាំ​នៃការបង្កើត​ប្រទេសជាតិ ។ ​ប្រទេសទាំងពីរ​ក៏នឹងធ្វើ​ជាម្ចាស់ផ្ទះ​រៀបចំ​កិច្ច​ប្រ​ជុំ​​ក្រៅ​ផ្លូវការ​នៃ​ថ្នាក់ដឹកនាំ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក​និង​កិច្ច​ប្រជុំ​កំ​ពូ​ល​នៃ​ថ្នាក់ដឹកនាំ​ប្រទេស G20 ដោយ​ឡែក​ពី​គ្នា​​ដែរ ​។ កិច្ចជំនួប​រវាង​ប្រមុខរដ្ឋ​ចិន​និង​អា​មេ​រិក​ដែល​បើក​ធ្វើ​នៅ​ឆ្នាំគន្លឹះនេះ ​វា​មិនត្រឹមតែ​ជាការបូកសរុប​ពី​អតីតកាល​ប៉ុណ្ណោះទេ ​ប៉ុន្តែ​ថែម​ទាំង​ជា​ការចាប់ផ្តើម​សម្រាប់​ឆ្ពោះទៅ​រក​អនាគត​​ផងដែរ ។

ផែនដី​យើង​ធំ​ទូលាយ ដែល​អនុញ្ញាត​ឱ្យ​ចិន​និងអាមេរិក​រួមគ្នា​អភិវឌ្ឍ​និង​ទទួល​វឌ្ឍន​ភាព​​រៀង​ៗខ្លួន ​។​ អ្នកផង​ទាំងពួង​រំពឹងទុកថា ​ចេញ​ដំណើរ​ពីក្រុងប៉េកាំង ​កិច្ច​ជំនួប​រវាង​ប្រមុខរដ្ឋ​ចិន​និងអាមេរិក​នឹងបន្តណែនាំ​នាវាយក្សនៃ​ទំនាក់ទំនង​ចិន-អាមេរិក​ឱ្យឆ្លងកាត់​ព្យុះភ្លៀង ​និង​ឆ្ពោះទៅមុខ​ដោយនឹងនរ ​ដើម្បី​បំពេញបន្ថែម​ស្ថិរភាពនិង​ភាពប្រាកដប្រជា​ដ៏មានតម្លៃ​សម្រាប់​ពិភពលោក​ដែលមាន​ភាព​រង្គោះរង្គើខ្លាំង​ ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close