លោក​ ថេន​ សេន​ ប្រកាសថា​​​​មិន​​ត្រៀមខ្លួន​ជា​បេក្ខជន​ សំរាប់​ការ​បោះឆ្នោត​ឆ្នាំ​​ ២០១៥​

ប្រធានាធិបតី​ភូមា​ ថេន​ សេន​ បាន​ប្រកាស​អោយ​ដឹង​ កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​ថា លោក​មិន​​បាន​ត្រៀមខ្លួន​​ដើម្បី​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី សំរាប់​ការ​បោះឆ្នោត ​ក្នុង​ឆ្នាំ​ ២០១៥ ខាង​មុខ​​នោះ​ទេ។ លោក​បាន​បន្ថែម​ទៀត​រ​​ថា លោក​​​​ក៏​មិន​ជំទាស់​នឹង​​បេក្ខភាព​របស់​លោកស្រី អ៊ុងសាន សូជី មកពី​គណបក្ស​ប្រឆាំង​នោះដែរ​។ គួរ​រំលឹក​ថា លោក​ថេន សេន​​ បាន​ឡើង​កាន់កាប់​ភូមា​​ ក្រោយ​ការ​រំលាយ​ចោល​របបសឹក​ភូមា​ កាលពីខែ មិនា ​ដើម​​ឆ្នំា ២០១១​។ លោក​បាន​អនុវត្ត​​នយោបាយ​កំណែទម្រង់​ជា​ច្រើន រហូត​ធ្វើ​ឲ្យ​​សហគមន៍​អន្តរជាតិ​មាន​ការភ្ញាក់ផ្អើល និង​​ចាប់អារម្មណ៍​ខ្លាំង។

នៅ​ក្នុង​​ កិច្ច​សម្ភាស​ជាមួយ​ស្ថានីយទូរទស្សន៍​បារាំង France 24 លោក​ ថេន​ សេន​ បាន​បន្ត​បង្ហាញ​នូវ​ជំហរ​ប្រជាធិបតេយ្យ​របស់​លោក​ ដោយ​ប្រកាស​ថា លោក​មិន​ត្រៀម​ខ្លួន​ធ្វើ​ជា​បេក្ខជន​​ប្រធានាធិបតី សំរាប់​​ការបោះឆ្នោត​២០១៥​នោះទេ ថែម​ទាំង​មិន​ជំទាស់​បេក្ខភាព​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ គឺ​លោក​ស្រី អ៊ុងសាន ស៊ូជី​ ទៀតផង។

នេះ​ជា​ដំណឹង​ ល្អ​សំរាប់​ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​​​​លោកស្រីអ៊ុងសាន​ ស៊ូជី។ គណបក្ស​នេះ​​ធ្លាប់​​ទទួល​ជោគជ័យ​​​ក្នុង​ការបោះឆ្នោត​​​​​រើស​សមាជិក​សភា​ បន្ថែម​​​​​ កាលពី​​ខែ​មេសា​ ឆ្នាំ​២០១២​ ដោយ​ទទួលបាន​​អាសនៈ​៤៣ ក្នុង​ចំណោម​អាសនៈ​សរុប​៤៤។

ប៉ុន្តែ បញ្ហា​នៅ​ពេល​នេះ​គឺ​ថា ​​លោកស្រី អ៊ុងសាន ស៊ូជី គឺ​​ជា​​​ភរិយា​របស់​ជនជាតិ​អង់គ្លេស​ម្នាក់ ដែល​បានស្លាប់​​បាត់បង់ជីវិត​ទៅ​ហើយ​។ លោកស្រី​មាន​កូន​ពីរនាក់ ជាមួយ​​​ជនជាតិ​​អង់គ្លេស​រូបនេះ។ យោង​តាម​រដ្ឋធម្មនុញ្ញ​​ភូមា ​​​ជនជាតិ​ភូមា​ដែល​រៀបការ​ជាមួយ​ជនបរទេស រឺ​ក៏​មាន​កូន​ជាមួយ​​ជន​បរទេស មិន​អាច​ឈរឈ្មោះ​ជា​បេក្ខជន​​ប្រធានាធិបតី​នោះទេ។ ប៉ុន្តែ ប្រធានាធិបតី ថេន សេន​ បាន​ប្រាប់​ថា អ្វីៗ​គឺ​ស្ថិតនៅ​លើ​ការ​សំរេច​របស់​សភា ហើយ​លោក​​គ្មាន​អ្វី​ជំទាស់​បេក្ខភាព​លោកស្រី​អ៊ុងសាន​ ស៊ូជី​ នោះទេ។

ដោយឡែក​ ​​​​​​​ការ​ចោទប្រកាន់ពីសមាគម​សិទ្ធិមនុស្ស​ Human Rights Watch ​ថា​រដ្ឋាភិបាលភូមា​​​បាន​ធ្វើការ​បោសសំអាត​​កំចាត់​ជនជាតិ​ភាគតិច​​​​​​​​ រ៉ូហ៊ីងយ៉ាស​ដែល​កាន់​សាសនា​អ៊ីស្លាម​នោះ​ ត្រូវ​បានលោក ថេន សេន​ បរិហារ​ទៅវិញ​ថា ជា​ការ​ឃោសនា​មួលបង្កាច់​រដ្ឋាភិបាល​លោក៕​ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close