ប្រធានាធិបតីភូមាចែចង់ក្រុងParis បន្តពីក្រុង Londres
បន្ទាប់ ពីបានបំពេញទស្សនកិច្ចនៅ អង់គ្លេសរួចមក នៅថ្ងៃពុធនេះ ប្រធានាធិបតីភូមា លោកថេន សេន បានធ្វើដំណើរមកដល់ក្រុងParis ប្រទេសបារាំង ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីបារាំង លោក ហ្សង់ម៉ាក អៃរ៉ូល និងប្រធានាធិបតី ហ្វ្រង់ស៊័រ ហូឡង់។ លោក ថេន សេន មានបំណងអោយទំនាក់ទំនងភូមា-បារាំង កាន់តែខិតជិតគ្នាថែមទៀត។ បេសកម្មរបស់ប្រធានាធិបតីភូមាចែចង់ក្រុងParis បន្តពីក្រុង Londres គឺជាជំហានបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងភូមា និងអឺរ៉ុប អោយបានប្រសើរឡើង ពោលគឺដឹកនាំភូមាចូលក្នុងឆាកអន្តរជាតិវិញ។
ទិសដៅ ទស្សនកិច្ចប្រធានាធិបតីភូមា នៅក្រុង Paris ប្រទេសបារាំង នៅថ្ងៃពុធនេះ គឺមិនខុសពីទស្សនកិច្ចនៅអង់គ្លេស កាលពីម្សិលមិញនោះទេ។ លោក ថេន សេន មានបេសកកម្មចែចង់បណ្តាអ្នកដឹកនាំបស្ចិមប្រទេសនានា ដើម្បីជំរុញភូមាអោយលេចមុខមាត់ក្នុងឆាកអន្តរជាតិឡើងវិញ។
ដើម្បីចែចង់បស្ចិមប្រទេស ពិសេសប្រទេសមានលទ្ធិប្រជាធិបតេយ្យខ្ពស់ដូចជាបារាំង រឺក៏អង់គ្លេសនោះ លោកថេន សេន បានដោះលែងទាហានភូមា៤២នាក់ ដែលសុទ្ធតែជាកុមារ។ ប្រធានាធិបតីភូមា ក៏បានផ្តូលរំលំទាហានការពារព្រំដែនដែលត្រូវគេចោទប្រកាន់ថា បានរំលោភសិទ្ធិមនុស្ស ផងដែរ។ លើសពីនេះ លោកបានសន្យាថានឹងដោះលែងអ្នកទោសនយោបាយទាំងអស់ ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០១៣ ហើយអាចនឹងសំរេចអោយមានបទឈប់បាញ់គ្នាជាមួយក្រុមជនជាតិភាគតិច ក្នុងពេលឆាប់ៗខាងមុខ។
ដូចជារាល់លើកដែរ យុទ្ធសាស្ត្រចែចង់របស់ភូមាគ្មានការផ្លាស់ប្តូរនោះទេ គឺថា ភូមាដោះលែងអ្នកទោសមនសិការមុនពេលមហាសន្និបាតអង្គការសហប្រជាជាតិ ។ ហើយយុទ្ធសាស្ត្រនេះទទួលបានជោគជ័យដូចបំណងមែន។ ជាជាងគិតទៅដល់បញ្ហាសិទ្ធិមនុស្ស គ្រប់បណ្តាប្រទេសអឺរ៉ុបបានចាប់អារម្មណ៍ចង់សំរេចវិនិយោគនៅភូមា ហើយបានបើកទ្វារស្វាគមលោក ថេន សេន ដែលជាប់ឈ្មោះជាប្រធានាធិបតីនៃកំណែកែទម្រង់។
ទោះយ៉ាងនេះក្តី អង្គការការពារសិទ្ធិមនុស្សជាច្រើនយល់ថា ផ្លូវដើរទៅរកសេរីភាពប្រជាធិបតេយ្យពិត ប្រាកដ របស់ភូមានៅវែងឆ្ងាយនៅឡើយ។ ក្នុងឧកាសទស្សនកិច្ចលោក ថេន សេន នៅប៉ារីស សមាគមសិទ្ធិមនុស្សនានាបានស្នើប្រធានាធិបតីបារាំង លោកហ្វ្រង់ស៊័រ ហូឡង់ កុំអោយស្ងៀមស្ងាត់អោយសោះ ចំពោះមុខស្ថានភាពសិទ្ធិមនុស្សនៅភូមា៕ ដោយ ព្រំ សឿន សូលីណា (RFI)