រុស្ស៊ី​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ដោយ​ឥត​ព្រាង​​ទុក​​នៅព្រំ​ប្រទល់​​​ចិន

លោក ​ប្រធានាធិបតី​រុស្ស៊ី ពូទីន បាន​ចុះ​ទៅ​ធ្វើ​អធិការកិច្ច​ ដោយ​ផ្ទាល់​ ការធ្វើ​សមយុទ្ធ​​ ​ឥត​ព្រៀង​ទុក​ ក្នុង​ទ្រង់ទ្រាយ​ដ៏​ធំមួយ​ នៅក្នុង​ដែន​ទឹក​ជាប់ព្រំ​ដែន​​ ​ចិន និង​ជប៉ុន។ សមយុទ្ធ​​​នេះ​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​២០ កក្កដា គ្មាន​ទិសដៅ​រំលោភ​សិទ្ធិ ឬ​ក្នុង​ទិសដៅ​គំរាម​កំហែង​ប្រទេស​ជិត​ខាង​ណា​មួយ​ទេ។ នេះ​បើ​តាម​ការ​អះអាង​របស់អនុរដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​រុស្ស៊ី​មក​ កាន់​ភ្នាក់ងារ​សារព័ត៌មាន​បារាំង។

រថក្រោះ ​រាប់​ពាន់​គ្រឿង​ ទាហាន​ជាង​១៦០០០០​នាក់​ យន្តហោះ​១៣០​គ្រឿង នាវា​ចម្បាំង​៧០គ្រឿង ត្រូវ​បាន​ទទួល​បញ្ជា ​ជា​បន្ទាន់​ឱ្យ​ចូល​ធ្វើ​សមយុទ្ធ ប្រៀប​ដូច​ជា​មាន​សង្គ្រាម​មែន​ទែន​បាន​ផ្ទះ​ឡើង​ដូច្នេះ។ នៅ​ក្នុង​បទ​បញ្ជា​ ប្រកាស​ជូន​ដំណឹង​​ នៅ​ថ្ងៃ​ចុង​សប្តាហ៍​មុន​នេះ កង​កម្លាំង​យោធា​ទាំង​អស់ ​ត្រូវ​ចូល​ ធ្វើ​លំហាត់សឹក​​ ក្នុង​ប្រធានបទ​មាន​​​សង្គ្រាម​ពីរ​ថ្ងៃ​ នៅ​ ភាគអាគ្នេយ៍​ តំបន់​ស៊ីបេរី ត្រង់​កោះ​សុខាលីន ខាង​ជើង​ប្រទេស​ជប៉ុន និង​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​​ព្រំប្រទល់​ជាមួយ​ចិន។

យន្តហោះ​ប្រដេញ​រុស្ស៊ី​ពីរ​គ្រឿង​ TU-45​ បាន​ហោះ​ឆ្វែល​ អស់​ ៧​ ម៉ោង ប៉ុន្តែ​អនុរដ្ឋមន្ត្រីក្រសួង​ការពារជាតិ​​រុស្ស៊ី បាន​អះអាង​ថា លំហាត់​សឹក​នេះ មិន​បាន​ឆ្លង​រំលង​ ឬ​រំលោភ​ដែន​អាកាស​ប្រទេស​ជិត​ខាង​ណា​ម្នាក់​ឡើយ គឺ​ប្រព្រឹត្ត​ទៅ​ស្រប​តាម​ច្បាប់​អន្តរជាតិទាំងស្រុង និង​គ្មាន​គំនិត​គំរាម​កំហែង​​ប្រទេស​ជាប់​ប្រទល់​គ្នា​ឡើយ។

សូម​បញ្ជាក់​ថា ការធ្វើ​សមយុទ្ធ​នេះ ត្រូវ​បាន​តាម​ដាន​​​​ពិនិត្យ​ដោយ​ផ្ទាល់​ ពី​សំណាក់​លោក​​​ ពូទីន ដែល​​ទូរទស្សន៍​ជាតិ​បាន​បង្ហាញ​រូប​ប្រធានាធិបតី​កាន់​កែវយិត​ ​ជិះ​ឧទ្ធម្ភាគចក្រ ធ្វើ​អធិការកិច្ច​​យុទ្ធនាការ​យោធា​ដែន​អាកាស​និង​ជើង​ទឹក។ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​រុស្ស៊ី​បើក​សមយុទ្ធ​ឥតព្រៀងទុក​ដូច្នេះ។ កាលពី​ខែ​ មេសា លំហាត់​បន្ទាន់​មួយ​បានរៀប​ចំ​ឡើង នៅ​សមុទ្ទ​ខ្មៅ ប្រមូល​ពល​ទាហាន​បាន​ជាង​៧០០០​នាក់ នាវា​ចម្បាំង​ជាង​១០​គ្រឿង​មក​ធ្វើ​លំហាត់​ ទប់​ទល់​សង្គ្រាម៕ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close