អត្រាកំណើនសេដ្ឋកិច្ចចិនថយចុះ៧,៥ភាគរយសំរាប់ត្រីមាសទីពីរ
ដូចដែលអ្នកវិភាគនានាបានគិតទុកមែនអត្រាកំណើនសេដ្ឋកិច្ចប្រទេសចិននៅមានការយឺតយ៉ាវនៅឡើយ ។ ការិយាល័យទិន្នន័យជាតិចិនបានចេញផ្សាយតួលេខខ្លួន នៅថ្ងៃចន្ទនេះ បង្ហាញថាកំណើនសេដ្ឋកិច្ចចិនបានថយចុះមកត្រឹម៧,៥ភាគរយ សំរាប់ត្រីមាសទីពីរឆ្នាំ២០១៣នេះ។ សំរាប់ត្រីមាសនេះដែរ ផលិតផលសរុបក្នុងស្រុកមាន៧,៦ភាគរយ។ ការថយចុះនេះគឺបណ្តាលមកពី សេដ្ឋកិច្ចអឺរ៉ុបនិងសហរដ្ឋអាមេរិកមានភាពយឺតយ៉ាវ។ បណ្តាបស្ចិមប្រទេសនានាបានបន្ថយការនាំផលិតផលចិនចូលក្នុងស្រុករបស់ ខ្លួន។
សេដ្ឋកិច្ចប្រទេសចិន រងគ្រោះដោយសារតែភាពយឺតយ៉ាវផ្នែក សេដ្ឋកិច្ចអឺរ៉ុប និងសហរដ្ឋអាមេរិក។ ចិនបានកាត់បន្ថយការនាំចេញ និងផ្នែកផលិតក្នុងស្រុក។ ក្នុងខែមិថុនាកន្លងទៅ អត្រាផលិតនៅតាមរោងចក្រមាន៨,៩ភាគរយ ជាតួលេខសំរាប់រយៈពេលមួយឆ្នាំ។ តួលេខនេះឃ្លាតឆ្ងាយពីតួលេខខែឧសភា ដែលអត្រាផលិតមានរហូតដល់ទៅ៩,២ភាគរយឯណោះ។
អ្វីជាភាពវិជ្ជមានសំរាប់សេដ្ឋកិច្ចនៅពេលនេះ គឺថាគ្រួសារចិនបានបង្កើនការចាយវាយឡើងវិញបន្តិចហើយ។ ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់ដើម្បីប៉ះប៉ូវជាមួយការថយចុះនៃការ នាំចេញផលិតផលទៅបស្ចិម ប្រទេសនោះទេ។ តាំងតែពីប្រធានាធិបតីថ្មីចិន លោក ស៊ី ជីនពីងឡើងកាន់អំណាចមក ចិនបានខិតខំបង្កើនការចាយវាយក្នុងស្រុកអោយបានខ្ពស់ ជាជាងបង្កើនការនាំចេញផលិតផលក្រៅស្រុក រឺការវិនិយោគផ្សេងៗទៀត។ ផ្ទុយទៅវិញ ការនាំចេញនិងការវិនិយោគនេះគឺជាកត្តាកំណត់អត្រាកំណើនសេដ្ឋកិច្ច ចិន តាំងពីបុរមបុរាណមក។
ទោះជាមានការយឺតយ៉ាវបែបនេះក្តី អាជ្ញាធរចិនបានវាយតំលៃថាសេដ្ឋកិច្ចខ្លួនមានភាពនឹងនរ។ លើសពីនេះ ក្រុងប៉េកាំងមានទិសដៅអោយអត្រាកំណើនអោយបាន៧,៥ភាគរយ សំរាប់ឆ្នាំ២០១៣ទាំងមូល។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន រដ្ឋមន្ត្រីហិរញ្ញវត្ថុចិនលោក លូ ជីវ៉ី បានប្រកាសកំណត់ទិសដៅកំណើនសេដ្ឋកិច្ចត្រឹមតែ៧ភាគរយប៉ុណ្ណោះ។ ការប្រកាសរបស់លោកបានទទួលការរិះគន់ចាប់ថ្នាក់ ភ្លាមៗតែម្តង៕ដោយ ព្រំ សឿន សូលីណា (RFI)