អ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់រងរបួសបែកក្បាល ក្នុងពេលឃោសនា
Cambodia News/
ភ្នំពេញ៖ កាលពីវេលាម៉ោងជាង ៥ល្ងាច ខែកក្កដា យុវជនគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ បានរងរបួសបែកក្បាល ដោយជនមិនស្គាល់មុខគប់ដុំថ្មចេញពីផ្ទះល្វែងមួយ ខណៈយុវជនរូបនោះ កំពុងហែក្បួនឃោសនារកសំទ្បេងឆ្នោត នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បន្ទាប់ពីហេតុការណ៍នោះ ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិចំនួនជាង ២០០នាក់ បានទ្បោមព័ទ្ធផ្ទះនោះ ហើយបានទំនាក់ទំនងសមត្ថកិច្ចខណ្ឌចុះមកអន្តរាគមន៍។ ប៉ុន្តែសមត្ថកិច្ចមិនបានចូលទៅផ្ទះនោះទេ ដោយសារមិនមានដីកាឆែកឆេររបស់តុលាការ។
អនុប្រធានគណបក្សសង្គ្រោះជាតិ ខណ្ឌពោធិ៍សែនជ័យ លោក ហេង ច័ន្ទសុទ្ធី បានឲ្យដឹងថា លោក និងជនរងគ្រោះនឹងដាក់ពាក្យបណ្តឹងទៅគណៈកម្មការរៀបចំការបោះឆ្នោត សង្កាត់សំរោងក្រោម ពីបទរំខានការឃោសនារកសំទ្បេងឆ្នោត និងបង្កឲ្យមាន របួសស្នាម។
ប្រជាពលរដ្ឋជិតខាង សង្ស័យថា ជនដៃដល់គឺជាអ្នកយាមផ្ទះ ដែលម្ចាស់ផ្ទះនោះមានឋានន្តរស័ក្តជាឧត្តមសេនីយ៍ផ្កាយមួយ។ ចំណែក សមត្ថកិច្ចអះអាងថានឹងចុះទៅស៊ើបអង្កេតនៅផ្ទះនោះ នៅថ្ងៃសុក្រនេះ៕