ភាព​រលូន​នៃ​ការចរចា​ផ្នែក​សុវត្ថិភាព​ព័ត៌មានវិទ្យា​ចិន-អាមេរិក

បន្ទាប់​ពី​បាន​ឆ្លង​កាត់​ការ​ពិភាក្សា​​ ទ្វេ​ភាគី អស់​ពេល​ពីរ​ថ្ងៃ សហរដ្ឋ​អាមេរិក និង​ចិន​ បាន​ព្រមព្រៀង​គ្នា​​ធ្វើ​សហប្រតិបត្តិការ​ យ៉ាង​ស្អិត​ល្មួត ដើម្បី​ប្រយោជន៍​នៃ​សុវត្ថិភាព​​​ព័ត៌មាន​វិទ្យា។ នេះ​បើ​យោង​តាម​ទី​ភ្នាក់ងារ​សារ​ព័ត៌មាន​ផ្លូវការ​ចិន​ថ្មីស៊ីនហួ។ ការជួប​ជជែក​គ្នា​រវាង​មន្រ្តី​ចិន និង​អាមេរិក ជុំវិញ​បញ្ហា​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត បាន​ទទួល​លទ្ធផល​គួរជា​ទី​ពេញចិត្ត។

សុវត្ថិភាព ​ព័ត៌មាន​វិទ្យា គឺ​ជា​ប្រធានបទ​ដ៏​ចម្បង​ នៃ​កិច្ច​ពិភាក្សា​យុទ្ធសាស្ត្រ​រវាង​​មហាយក្ស​អាមេរិក និងចិន ដែលតែង​​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​លួច​វាយប្រហារ​​តាម​ប្រព័ន្ធ​ អ៊ីនធ័រនែត។

បើ​​តាមប្រភព​ព័ត៌មានផ្លូវការ​ចិន​ ការ​ជួប​ពិភាក្សា​គ្នា​​ពីរ​ថ្ងៃ (ចន្ទ​និង​អង្គារ​)កន្លង​មក​នេះ ប្រព្រឹត្ត​ទៅ​ដោយ​ឈរ​​លើ​​មូលដ្ឋាន​​ត្រង់​ទៅ​ ត្រង់​មក និង​បាន​លើក​ឡើង​អំពី​ចេតនា​​ចង់​បង្កើត​ឱ្យ​មាន​ស្ថាប័ន​មួយអនុញ្ញាត​ឱ្យ​ ភាគី​ទាំង​ពី​រ​ធ្វើ​ជា​ក្រុម ​មាន​យន្ត​ការ​គោរព​បទដ្ឋាន​សុវត្ថិភាព​ព័ត៌មាន​​កំរិត​អន្តរជាតិ​ ព្រម​ទាំង​វិធានការ​​សម្រួល​ឱ្យ​មាន​ការចរចា​និង​សហប្រត្តិបត្តិ​ការ​គ្នា​ ក្នុង​វិស័យ​នេះ​ទៀតផង។

ជំនួប​លើក​នេះ​មាន​ការ​ជឿន​លឿន​ច្រើន​។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​។ ការ​បង្ហើប​ទម្លាយ​ព័ត៌មាន​របស់​ Edward Snowden អតីតភ្នាក់ងារ​យក​ការណ៍​សម្ងាត់​ជាតិ​អាមេរិក បាន​ក្លាយ​ជា​​ភស្តុតាង​សំខាន់​មួយ​​សម្រាប់​ចិន​ ក្នុង​ការ​បន្ទោស​អាមេរិក​​ចំពោះ​សកម្មភាព​រំលោភ​កម្មសិទ្ធិ​បញ្ញា​ ស៊ើបការណ៍​រំលោភ​ជីវិត​ឯកជន​​របស់​បណ្តាជន​ទូទៅ។

សូម​បញ្ជាក់​ថា​ សំណុំ​រឿង​សុវត្ថិភាព​ព័ត៌មាន​វិទ្យា​នេះ បាន​ក្លាយ​ជា​ប្រធានបទនៅ​រាល់​ជំនួប​ទ្វេ​ភាគី​​ចិន​អាមេរិក រាប់​ទាំង​ជំនួប​រវាង​​ប្រធានាធិបតី​ទាំង​ពីរ​ បារ៉ាក់​អូបាម៉ា – ស៊ីជិនពីង​ កាលពី​ខែ​មិថុនា​។ អាមេរិក​បង្ខំ​ឱ្យ​​ចិន​ឈប់​ធ្វើ​សកម្មភាព​​វាយប្រហារ​តាម​អ៊ីនធ័រនែត​​​ តែ​ប៉េកាំង​អះអាង​ថា​ចិន​ជា​អ្នក​រង​គ្រោះ​ដែរ។ បើ​តាម​China Daily ការវាយប្រហារ​តាម​អ៊ីនធ័រនែត​មក​លើ​ចិន មួយ​ភាគ​បី​មាន​ប្រភព​មក​ពី​អាមេរិក៕ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close